ខេត្តកំពង់ធំ ៖ ឆ្លៀតក្នុងឱកាសចុះបំពេញបេសកកម្មការងារនៅខេត្តកំពង់ធំ នារសៀលថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារនៃគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ មានវិសាលភាពគ្របដណ្ដប់លើក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ ដែលរួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់។ គម្រោងនេះបានចាប់ផ្តើមការដ្ឋានក្នុងឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦។ គិតមកត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៨០%។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតនៅលើដងស្ទឹងសែនផ្នែកខាងក្រោម ក្នុងខេត្តកំពង់ធំគឺជាសំណង់ស្ទាក់ទឹកថ្មីមួយទៀត បន្ទាប់ពីសំណង់អាងទឹកដងកាំបិត និងសំណង់អាងទឹករក្សា ដែលស្ថិតនៅខ្សែទឹកផ្នែកខាងលើនៃដងស្ទឹងសែន ក្នុងខេត្តព្រះវិហារ។ គម្រោងនេះមានសក្តានុពលស្ដុកទឹក ដើម្បីបម្រើឱ្យវិស័យកសិកម្ម ឧស្សាហកម្ម និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងជួយបញ្ចៀសការជន់លិចតំបន់ទីប្រជុំជននានាដែលស្ថិតតាមបណ្ដោយដងស្ទឹងសែនផ្នែកខាងក្រោមនារដូវវស្សា៕រក្សាសិទ្ធដោយ៖សុទ្ធលី


















