ភ្នំពេញ ៖ នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបលោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា និងក្រុមការងារដើម្បីពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវប្បធម៌នៅទីស្តីការក្រសួង។
នាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ ជាពិសេសជាមួយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិកដែលបានជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកាក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌កម្ពុជា ការទប់ស្កាត់ការជួញដូរខុសច្បាប់ និងការទាមទារវត្ថុបុរាណខ្មែរដែលបាត់បង់បញ្ជូនត្រលប់មកមាតុប្រទេសវិញ ព្រមទាំងការលើកស្ទួយផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ និងការកសាងធនធានមនុស្សលើវិស័យវប្បធម៌ជាដើម។ ទន្ទឹមនេះ ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌អោយកាន់តែរឹងមាំថែមទៀតនាពេលអនាគត៕រក្សាសិទ្ធដោយ៖សុទ្ធលី






