រាជធានីភ្នំពេញ ៖នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៦ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រះរាជាណាចក្រកម្ពុជា។
តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្ស ប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមក បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលី មានជំនួបកំពូលជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងព្រះរាជបរមនាមជាប្រមុខរដ្ឋ។ ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានរដ្ឋ បានអញ្ជើញបំពាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗ ដែលរដ្ឋាភិបាល និង ប្រជាជនឡាវសម្រេចបានក្នុងដំណើរការកសាងប្រទេស កំណែទម្រង់ និងការអភិវឌ្ឍ ក៏ដូចជាការ សម្រេចបានដ៏គួរឱ្យកត់សម្គាល់នូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកំណើនសេដ្ឋកិច្ចជាង៤% ក្នុងឆ្នាំ ២០២៥។ សម្ដេចតេជោ បានអបអរសាទរ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត យ៉ាងកក់ក្ត ចំពោះជោគជ័យនៃមហាសន្និបាតបក្សប្រជាជនបដិវត្តន៍ឡាវលើកទី១២ និងការជាប់ឆ្នោតសារជាថ្មីរបស់ ឯកឧត្តម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវទសម្រាប់ អាណត្តិទី២ សម្តេចតេជោ បានជូនពររដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ឱ្យសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រចាំឆ្នាំជារៀងរាល់ឆ្នាំ ដើម្បីសម្រេចគោលដៅ រយៈពេលវែង គឺក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥៥ ស្របតាមចក្ខុវិស័យរបស់មហា សន្និបាតបក្សលើកទី១២។
ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត បានកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏លេចធ្លោ ដែលរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាសម្រេចបាន ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ ព្រះករុណា ព្រះមហាក្សត្រ និងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ក្នុងការលើកកម្ពស់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម។ ឯកឧត្តមបណ្ឌិត បានជូនពរមហាប្រសើរដល់ព្រះរាជាណាចក្រកម្ពុជាឱ្យទទួល បានជោគជ័យក្នុងការសម្រេចបានចក្ខុវិស័យវែងឆ្ងាយ ក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនជាវិជ្ជមាន នៃទំនាក់ទំនងជិត ស្និទ្ធ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងឡាវ ក្នុងរយៈពេលកន្លងមកនេះដែលបាន នាំមកនូវផលប្រយោជន៍រួមជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងសងខាងបាន ស្វាគមន៍ចំពោះការប្រាស្រ័យទាក់ទងគ្នាកម្រិតខ្ពស់ជាបន្តបន្ទាប់ និងទំនាក់ទំនងនៅគ្រប់កម្រិតលើគ្រប់វិ ស័យ ដែលបានពង្រឹងមិត្តភាពជាប្រពៃណីបន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់ត មានអត្ថន័យ និងមានប្រសិទ្ធភាព។
ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពថា កម្ពុជា និងឡាវត្រូវរួមគ្នារៀបចំសកម្មភាពនានាឱ្យបានអធិកអធម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុង ឆ្នាំ២០២៦។ ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នៅកម្ពុជានាពេលនេះ និង គម្រោងព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅឡាវនាពេលខាងមុខ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីចូលរួមអបអរសាទរខួប៧០ឆ្នាំនេះ ។
ក្នុងបរិបទដែលសភាពការណ៍តំបន់ និងពិភពលោកកំពុងវិវត្តយ៉ាងឆាប់រហ័ស និងស្មុគស្មាញ
ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់ត
កក់ក្តៅ និងជិតស្និទ្ធថែមទៀត និងប្តេជ្ញាមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ ប្រទេសមួយ ដើម្បីបំផ្លាញសន្តិសុខ ស្ថិរភាព ឬអធិបតេយ្យរបស់ប្រទេសមួយទៀតឡើយ ស្របតាមស្មារតី មិត្តភាពជាប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិតខាងល្អ និងទំនាក់ទំនងជាបងប្អូនយូរអង្វែងរវាងកម្ពុជា និងឡាវ ដើម្បីវិបុលភាពរួម ។
ថ្នាក់ដឹកនាំទាំងពីរ បានកោតសរសើរចំពោះកិច្ចសហការ និងការរក្សាបានសន្តិសុខតាមព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន សំដៅធ្វើឱ្យព្រំដែនយើងមានសុខសន្តិភាព និងបានឯកភាពបង្កើន និងពង្រឹងទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរតាម រយៈការផ្លាស់ប្តូរនទពិសោធន៍ ដើម្បីចូលរួមចំណែកឆ្លើយតបទៅនឹងតម្រូវការក្នុងបរិបទបច្ចុប្បន្ន ព្រមទាំងពង្រឹងយន្តការយោធាក្នុង ក្របខ័ណ្ឌបីប្រទេសកម្ពុជា-ឡាវ-វៀតណាម ។
ថ្នាក់ដឹកនាំទាំងពីរ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុង ការសម្រេចបានការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនបាន៨៦% និងបានឯកភាពរួមគ្នា ដោះស្រាយ បញ្ហាព្រំដែនដែលនៅសេសសល់ប្រមាណ១៤% ដើម្បីប្រែក្លាយតំបន់ព្រំដែនជាព្រំដែន មិត្តភាព សន្តិភាព
កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ផលប្រយោជន៍នៃប្រជាជនទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ដោយពេញចិត្តចំពោះការវិវត្តប្រកបដោយផ្លែផ្កានៃកិច្ចសហ និងបានទទួលស្គាល់ពីសក្តានុពលសំខាន់ៗសម្រាប់ការពង្រីក ប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជានិងឡាវ ពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់ទំនាក់ទំនងធុរកិច្ច និងបានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធនៃ ប្រទេសទាំងពីរសហការគ្នាជំរុញទំហំពាណិជ្ជកម្មឱ្យឈានដល់គោលដៅ ៧០០ លានដុល្លារអាមេរិក ត្រឹម ឆ្នាំ២០៣០។
ថ្នាក់ដឹកនាំទាំងពីរ បានយកចិត្តទុកដាក់ខ្ពស់ចំពោះការតភ្ជាប់ហេដ្ឋារចនាសម្ពន្ធ័រវាងប្រទេសទាំងពីររួមទាំងការសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ (កម្ពុជា)/ សេឡាំផាវ (ឡាវ) និងបានអបអរសាទរការចុះ ហត្ថលេខាកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនកសិផលឆ្លងកាត់ប្រទេសឡាវរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្ម និងបរិស្ថានឡាវ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពបន្តពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពល តាមរយៈការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈនានា ពាក់ព័ន្ធនឹងថាមពល ឱ្យបានសកម្ម និងមាន ប្រសិទ្ធភាពខ្ពស់។
ថ្នាក់ដឹកនាំទាំងពីរ បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្ស រវាង ប្រទេសយើងទាំងពីរ ជាពិសេស ការបន្តផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រី ទៅវិញទៅមក។ ថ្នាក់ដឹកនាំទាំងពីរក៏បានសម្តែងក្តីរីករាយផងដែរ ដែលរដ្ឋាភិបាលទាំងពីរបានយកចិត្ត ទុកដាក់មើលថែ និងផ្តល់ការសម្របសម្រួលដល់សិស្សនិស្សិតកម្ពុជា និងឡាវ ក្នុងប្រទេសនីមួយៗ។ ក្នុងបរិយាកាសកក់ក្តៅ និងមិត្តភាពដ៏ជ្រាលជ្រៅ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាត្រង់ ទៅត្រង់មកអំពីកិច្ចសហប្រតិបត្តិការលើវិស័យនានារួមទាំង ទេសចរណ៍ វប្បធម៌ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាសន្តិសុខតំបន់ និងអន្តរជាតិ ដែលជាការយកចិត្ត ទុកដាក់រួម។
ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ដែលបានអញ្ជើញ ឯកឧត្តម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងចំពោះថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាដែលបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូជាន់ខ្ពស់ឡាវ។ ឯកឧត្តម ទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





