រាជធានីភ្នំពេញ ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានកត់ សម្គាល់ឃើញ នូវការផ្សព្វផ្សាយជាសាធារណៈរបស់បណ្ដាញសង្គមថៃ ដែលអះអាងថាបានដកស្រង់ ប្រភពពីយោធា ថៃ ពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្សនៅតំបន់ព្រំដែន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមសេចក្តីថ្លែងការរបស់អាជ្ញាធរមីននៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៦។
អាជ្ញាធរមីន សូមបញ្ជាក់យ៉ាងមុតមាំថា កម្ពុជាបានអនុវត្តខ្ជាប់ខ្ជួនទៅតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមគ្រប់កិច្ច ព្រមព្រៀងនិសព្វាវុធកម្ម មនុស្សធម៌អន្តរជាតិ និងបន្តប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះការលុបបំបាត់មីនប្រឆាំង មនុស្សទាំងស្រុង។ កម្ពុជា សម្រេចបានសមិទ្ធផលធំធេង និងទទួលជាអន្តរជាតិ ក្នុងការបោសសម្អាតផ្ទៃដីរង ផលប៉ះពាល់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម និងនាំមកនូវសុខសុវត្ថិភាពជូនប្រជាជន និងសហគមន៍។
ផ្អែកលើទិន្នន័យជាតិ និងបទពិសោធន៍នៃការបោសសម្អាតមីននៅក្នុងតំបន់ព្រំដែន អាជ្ញាធរមីន អាច វាយតម្លៃបានថា មីនប្រឆាំងមនុស្សដែលត្រូវបានរកឃើញនៅក្នុងតំបន់ទាំងនោះ គឺជាមីនដែលបានបន្សល់ ពីសង្គ្រាម អតីតកាល ដែលសំណល់ជាតិផ្ទុះទាំងនោះ បានបង្កការគំរាមកំហែងយ៉ាងខ្លាំង អស់ជាច្រើនទសវត្សរ៍ ដល់ប្រជាជន រស់នៅតាមតំបន់ព្រំដែន។
អាជ្ញាធរមីន សូមគូសបញ្ជាក់ថា កម្ពុជាមិនផលិត មិនស្តុកទុក និងមិនប្រើប្រាស់មីនប្រឆាំងមនុស្ស ឡើយ និងមានការគ្រប់គ្រងត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ស្របតាមបទដ្ឋានអន្តរជាតិ។ ក្នុងន័យនេះ ការផ្សព្វផ្សាយ ដោយមិនមានប្រភពច្បាស់លាស់ ឬមិនមានការស៊ើបអង្កេត និងផ្ទៀតផ្ទាត់ត្រឹមត្រូវ អាចបង្កការភាន់ច្រឡំ និងអាច បង្កើនភាពតានតឹងដែលមិនចាំបាច់។
កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមប្រកបដោយតម្លាភាព ក្នុងយន្តការទ្វេភាគី និងអន្តរជាតិ ក្នុង ការបញ្ជាក់ការពិត និងការពារមិនឱ្យមានភាពភាន់ច្រឡំណាមួយ។ សកម្មភាពមីនមនុស្សធម៌ គួរបម្រើដល់ផល ប្រយោជន៍រួម ពោលគឺការពារប្រជាជន និងលើកកម្ពស់ស្ថិរភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែន។
អាជ្ញាធរមីន សូមបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តសម្រាប់កិច្ចសហប្រតិបត្តិការ កិច្ចពិភាក្សា និងការលុប បំបាត់នូវសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបង្កការគំរាមកំហែងដល់អាយុជីវិតប្រជាជន និងសហគមន៍ក្នុងតំបន់ព្រំដែន៕ រក្សាសិទ្ធដោយ៖សុទ្ធលី















