ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៦
បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្ដល់ជំនួយមនុស្សធម៌ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ សម្រាប់ជំនួយមនុស្សធម៌ចំនួន ប្រាំរយពាន់ដុល្លារអាម៉េរិក (៥០០.០០០ ដុល្លារអាម៉េរិក) តាមរយៈអង្គការយូនីសេហ្វ (UNICEF)
ដែលកំពុងប្រតិបត្តិការក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌នាពេលថ្មីៗនេះ ដែលបង្កឡើងដោយជម្លោះព្រំដែនកម្ពុជា-ថៃ។
ការចូលរួមចំណែកនេះ គឺជាសក្ខីភាពបញ្ជាក់ពីសាមគ្គីភាព និងសមានចិត្តពីរដ្ឋាភិបាល និង ប្រជាជននៃសាធារណរដ្ឋកូរ៉េ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ជំនួយនេះ ក៏បានគូសបញ្ជាក់ បន្ថែមទៀតនូវចំណងមិត្តភាពយូរអង្វែង កិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើន និងសារៈសំខាន់
ដែលភាគីទាំងពីរផ្ដល់ដល់ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ កម្ពុជាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេស និងអង្គការ ទាំងអស់ដែលបានផ្តល់ជំនួយ និងការគាំទ្រដល់ជនភៀសសឹកកម្ពុជាក្នុងអំឡុងពេលដ៏លំបាកនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





