ភ្នំពេញ ៖ ឯកឧត្តមប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានធ្វើសេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីការតវ៉ាថ្មីទៀតរបស់កម្ពុជាប្រឆាំងនឹងសកម្មភាពរបស់កម្លាំងប្រដាប់អាវុធថៃនៅក្នុងទីតាំងដែលខ្លួនដណ្តើមកាន់កាប់ខុសច្បាប់ដោយកម្លាំងយោធាក្នុងដែនអធិបតេយ្យរបស់កម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាយ៉ាងខ្លាំងជាថ្មីម្តងទៀត កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងតំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ដែលថៃបានកាន់កាប់ទាំងបំពានដោយប្រើកម្លាំងយោធា។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលមួយចំនួនថែមទៀត ត្រូវបានយោធាថៃវាយកម្ទេចបំផ្លិចបំផ្លាញនៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង ៣៦ ក្នុងស្រុកថ្មពួក។ នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៤៦ និង ៤៧ មានការជីកប្រឡាយ និងសាងសង់ផ្លូវមួយខ្សែព្រមទាំងការចាក់ដីលុបស្រះទឹក។
សកម្មភាពដែលបានកែប្រែភូមិសាស្ត្រនៃតំបន់នោះ គឺជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ក្នុងការបង្កើតភាពស្របច្បាប់ចំពោះការកាន់កាប់ដោយខុសច្បាប់នៃទឹកដីកម្ពុជា។ ទង្វើទាំងនេះបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាននិងចំណុចទី១នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពី វិធានការបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
ទន្ទឹមនឹងការបដិសេធយ៉ាងដាច់ខាតចំពោះសកម្មភាពរបស់កម្លាំងប្រដាប់អាវុធថៃ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការរក្សាជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ។
ការតវ៉ាជាផ្លូវការនិងជាបន្តបន្ទាប់នេះបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជាមិនអាចទទួលយកបាននិងមិននៅស្ងៀមជាដាច់ខាតចំពោះមុខសកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា និងកំពុងជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី តាមស្មារតីនៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែនដូចការប្តេជ្ញាចិត្តដែលបានបង្ហាញក្នុងសេចក្តីប្រកាសរួមនេះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ អាស្រ័យហេតុនេះ សូមជនរួមជាតិមេត្តាជ្រាប៕រក្សាសិទ្ធដោយ៖សុទ្ធលី






