ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពស់ខ្ពង់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិទ្ធ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកកម្រិតស្រាល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការស្រាវជ្រាវបង្ក្រាបបាន០៤ករណីផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន១៩នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន០៤ករណីផ្សេងគ្នា៖
ករណីទី១: ឃាត់ខ្លួនជនសង្ស័យ១៦នាក់ ពាក់ព័ន្ធករណីហិ ..;ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តល្មើសនៅចំណុចមុខខារ៉ាអូខេ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០០:១០នាទី បង្កដោយក្រុមក្មេងទំនើងឈ្មោះក្រុមត្រពាំងឈូក(TPC), ក្រុមក្មេងទំនើងឈ្មោះ វត្តសាមគ្គីរង្សី និងក្រុមក្មេងទំនើងចំនួន០២ក្រុមផ្សេងទៀតមិនស្គាល់ឈ្មោះ។
ករណីទី២: ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិចិន ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តល្មើសនៅចំណុចមុខអគារដឺភីក ក្នុងរថយន្តព្រុស ផ្លូវក្រសួងការបរទេស ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៩:៤៨នាទី។
ករណីទី៣: ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ ប្រព្រឹត្តល្មើសនៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ វេលា ម៉ោង០៨:១០នាទី។
ករណីទី៤: ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធលួចយកម៉ូតូ ប្រព្រឹត្តល្មើសនៅចំណុចផ្ទះលេខ ៩៤E0 ផ្លូវលេខ១១៥ ភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៩:៤៨នាទី។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងការិយាល័យកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី







