ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជម្រាបជូនក្រុមប្រឹក្សារាជធានីភ្នំពេញ អំពីការងាររបស់ រដ្ឋបាលរាជធានី ក្នុងការទប់ស្កាត់គ្រោះអគ្គីភ័យ ការថែរក្សាសន្តិសុខ សុវត្ថិភាព ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាមួយនិងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ រហូតរដ្ឋបាលរាជធានីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋយ៉ាងខ្លាំង។ឯកឧត្ដម ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមវត្តមាន ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ កុម្ភៈ២០២៦នេះ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ពាក់ព័ន្ធនឹងគ្រោះអគ្គីភ័យ យើងបានត្រៀមរថយន្តអគ្គីភ័យជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ខណៈមានអគ្គីភ័យកើតឡើង ជាមួយនិងការណែនាំឱ្យមន្ត្រីយកចិត្តទុកដាក់អនុវត្ត ដំបូងគេ គឺត្រូវសង្គ្រោះជីវិតមនុស្ស ជាមួយនិងការណែនាំឱ្យត្រៀមរថយន្តសង្គ្រោះនៅទីតាំងកើតហេតុជាស្រេច។កន្លងមករដ្ឋបាលរាជធានីបានចាត់ចែងរៀបចំដាក់រថយន្តពន្លត់អគ្គិភ័យនេះនៅតាមខណ្ឌនិងគោលដៅមួយចំនួនដើម្បីងាយចល័តសង្គ្រោះ។ នៅពេលបច្ចុប្បន្ន ការអន្តរាគមន៍លើគ្រោះអគ្គីភ័យនេះ នៅមានបញ្ហាប្រឈមច្រើន ដោយសារនៅភ្នំពេញមានអគារខ្ពស់ៗ រហូតដល់កំពស់៤៥ទៅ៤៧ជាន់។ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តអនុវត្តការងារនេះដោយការយកចិត្តទុកដាក់ខ្ពស់ សំដៅធ្វើយ៉ាងណាកាត់បន្ថយឱ្យបាននៅគ្រោះអគ្គីភ័យនេះ។
ឯកឧត្ដមឃួង ស្រេង បានបន្តថា ពាក់ព័ន្ធនឹងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយបានកំណាត់ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគរ ពិសេសមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុងនិងផ្លូវលេខ២៣០ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោកនិងខណ្ឌបឹងកេងកង ដោយមិនឱ្យអាជីវករលក់ដូរលើចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ ហើយកិច្ចការងារនេះយើងសំរេចបានមួយជំហានធំហើយ ដោយអាជីវករមួយចំនួនធំបានសម្រេចចិត្តទៅលក់ដូរនៅផ្សារតាម៉ាប់ព្រែកជ្រៃនិងផ្សារដើមគថ្មី។ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋាន នៅត្រឹមថ្ងៃទី៣០ ខែមិនាឆ្នាំ២០២៦ខាងមុខនេះ ដើម្បីឱ្យទាន់ផែនការដែលជាបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ឯកឧត្ដមឃួង ស្រេង បានបន្ថែមទៀតថា៖ ផ្លូវថ្មើរជើងចតុមុខ ជាគោលដៅទេសចរណ៍ក្នុងស្រុកដ៏ល្បីល្បាយមួយរបស់រាជធានីភ្នំពេញ ហើយក៏ជាកន្លែងផ្សព្វផ្សាយដ៏ពេញនិយមផងដែរ។ដូច្នេះជាការងារចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានយ៉ាងយកចិត្តទុកដាក់បំផុត។ យើងបានប្តេជ្ញាចិត្តថែរក្សាខ្សែក្រវ៉ាត់មួយនេះឱ្យបានគង់វង់។
ក្នុងឱកាសនោះឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីដែលបានអនុវត្តការងារកន្លងមកបានយ៉ាងល្អ ទាំងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ការបំរើសេវាជូនប្រជាពលរដ្ឋ រហូតទទួលបានចំណាត់ថ្នាក់លេខ២ ពីក្រសួងមហាផ្ទៃ។ រដ្ឋបាលរាជធានីបានដោះស្រាយកំណាត់ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគរ រហូតទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ លើគ្រោះអគ្គីភ័យ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ចិន វៀតណាមខាងមុខនេះបន្ថែមទៀត៕រក្សាសិទ្ធដោយ៖សុទ្ធលី














