Friday, February 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានិងកាណាដា បានស្វាគមន៍នូវការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងបញ្ជាក់ជាថ្មីពីការតាំងចិត្តរួមគ្នា ក្នុងការពង្រឹងមិត្តភាពយូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Alan Bowman អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេសកាណាដា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចការងារ ដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីកម្ពុជា-កាណាដា លើកទី២ នៅរាជធានីភ្នំពេញ។

នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម Alan Bowman សម្រាប់ការធ្វើដំណើរទស្សនកិច្ចការងារមកកម្ពុជា និងបានកត់សម្គាល់ដោយការ ពេញចិត្តនូវសន្ទុះកើនឡើងនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ឯកឧត្ដមឧបនាយករដ្ឋមន្តី បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទីមួយ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងសង្ឃឹមថា កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទីពីរ នឹងទទួលបានលទ្ធផល ប្រកបដោយផ្លែផ្កាបន្ថែមទៀត។

ភាគីទាំងពីរបានស្វាគមន៍នូវការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងបញ្ជាក់ជាថ្មីពីការតាំងចិត្តរួមគ្នា ក្នុងការពង្រឹងមិត្តភាពយូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៦នេះ និងបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះប្រកបដោយជោគជ័យ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ភាគី កាណាដាសម្រាប់ការគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ ព្រមទាំងបាន ជម្រាបពីវឌ្ឍនភាពនៃការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលនេះផងដែរ។
ឯកឧត្តម Alan Bowman បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចពិគ្រោះយោបល់ ទ្វេភាគីលើកទីពីរនេះ នឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត និងបាន សម្ដែងការគាំទ្រជាថ្មីចំពោះកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។

ឯកឧត្តម ក៏ បានគូសបញ្ជាក់ការប្ដេជ្ញាខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់កាណាដា ក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលនេះនៅទីក្រុងភ្នំពេញ ព្រមទាំងបានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីជួយគាំទ្រកម្ពុជាក្នុង ការរៀបចំកិច្ចប្រជុំកំពូលនេះ តាមរយៈបទពិសោធន៍របស់កាណាដាក្នុងការរៀបចំកិច្ចប្រជុំកំពូលធំៗ ជាច្រើនកន្លងមក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូន ឯកឧត្តម Alan Bowman អំពីការវិវត្តនាពេលថ្មីៗនេះពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ និងបានថ្លែងអំណរគុណប្រទេសកាណាដា ចំពោះការគាំទ្រកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពក្នុងជម្លោះព្រំដែននេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×