Friday, February 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននិងកំពុងធ្វើកិច្ចការលើកកម្ពស់ និងការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាដូចភ្លៀងរលឹម

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកម្មវិធីបទបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវស្ដីពី «ការបើកបង្ហាញសក្ដានុពល៖ អត្ថប្រយោជន៍សេដ្ឋកិច្ចនៃសមភាពស្របច្បាប់អាពាហ៍ពិពាហ៍ សម្រាប់ប្រទេសកម្ពុជា និងកិច្ចសន្ទនាអំពីការបន្ដនូវវឌ្ឍនភាពនៃសមភាពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា» នៅសណ្ឋាគារ Hyatt Regency។ កម្មវិធីនេះ រៀបចំដោយអង្គការសហគមន៍ឥន្ទធនូរកម្ពុជា (ROCK) ដោយមានការចូលរួមពីតំណាងក្រសួង ស្ថានប័ននៃរាជរដ្ឋាភិបាល អង្គទូត វិស័យឯកជន អង្គការសង្គមស៊ីវិល និងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា សរុបប្រមាណ ១៦០នាក់។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងក្រុមការងារ ROCK ដែលបានរៀបចំកម្មវិធីនេះបានយ៉ាងល្អប្រសើរ និងបានផ្ដល់នូវទស្សនទានមួយចំនួន ដើម្បីឱ្យការរៀបចំកម្មវិធីក្រោយៗទៀតកាន់តែល្អនិងទទួលបានលទ្ធផលរឹតតែប្រសើរឡើងថែមទៀត។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរនិងថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ដែលតែងតែគាំទ្រនិងចូលរួមយ៉ាងសកម្មរាល់កម្មវិធីពាក់ព័ន្ធនឹងអ្នកស្រឡាញ់ភេទដូចគ្នា ក៏ដូចជាកម្មវិធីផ្សេងទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា គ.ស.ម.ក. បាននិងកំពុងធ្វើកិច្ចការលើកកម្ពស់ និងការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាដូចភ្លៀងរលឹម ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រួមទាំងនៅក្នុងពន្ធនាគារ។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ពាក់ព័ន្ធនឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា ដូចជា ពួកគេកាន់តែមានភាពក្លាហានក្នុងការបង្ហាញនូវអត្តសញ្ញាណពិតរបស់ខ្លួន ការថយចុះនូវការរើសអើងនិងការប្រមាថមើលងាយនៅក្នុងសង្គម។ លទ្ធផលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ តែផ្ដើមចេញពីថ្នាក់ដឹកនាំតាំងពី សម្ដេចតេជោ និងបន្ដមក សម្ដេចធិបតី ដែលតែងតែបង្កលក្ខណៈ និងបើកទូលាយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការប្រើប្រាស់ដោយសេរី គ្មានការរឹតត្បិត និងការរើសអើង។

បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ជាការកត់សម្គាល់ ការទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា មិនត្រឹមតែផ្ដល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងផ្ដល់ប្រយោជន៍យ៉ាងសំខាន់ដល់សង្គមជាតិទាំងមូល តួយ៉ាង ការកាត់បន្ថយការរើសអើង សម្រួលដល់ការស្មុំកូន ការកាន់កាប់ទ្រព្យសម្បត្តិ បង្កើនការវិនិយោគ សម្រួលដល់ប្រព័ន្ធយុត្តិធម៌ និងជួយលើកតម្កើងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ ផងដែរ។

មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រចំពោះការធ្វើច្បាប់ទទួលស្គាល់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា និងការប្ដេជ្ញាចិត្តឥតងាករេរបស់ គ.ស.ម.ក. ចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ដោយមិនទុកឱ្យពួកគេនៅឯកោឡើយ។ ជាចុងក្រោយ ឯកឧត្តម បានស្នើឱ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវធ្វើខ្លួនជាពលរដ្ឋល្អ គោរពច្បាប់ ចេះអប់រំទូន្មានគ្នាទៅវិញទៅមក ដើម្បីអាចជម្នះឧបសគ្គនានា ជាពិសេស ការផ្លាស់ប្ដូរផ្នត់គំនិតអវិជ្ជមានក្នុងសង្គមចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងត្រូវចេះរួបរួមគ្នាធ្វើទង្វើល្អៗ ដែលនាំជាប្រយោជន៍ដល់សង្គមជាតិ ហើយភាគីពាក់ព័ន្ធនានា រួមមាន អ្នកសារព័ត៌មាន សិល្បករ សិល្បការិនី និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជាដើម សូមចូលរួមទាំងអស់គ្នាក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×