Friday, February 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានកោតសរសើរចំពោះការកើនឡើងគូរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតជូន ឯកឧត្តម Alan Bowman អគ្គនាយកប្រចាំតំបន់អាសុីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេសកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងអំឡុងពេលដែលឯកឧត្តមអញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីកម្ពុជា-កាណាដា លើកទី២ ។ ជំនួបនេះបានធ្វើឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការកើនឡើងគូរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ពីលទ្ធផលដ៏ត្រចះត្រចង់ នៃបេសកកម្មទាក់ទាញនិងជំរុញវិនិយោគ ដែលគណៈប្រតិភូកម្ពុជាបានបំពេញនៅប្រទេសកាណាដាកន្លងមក។ ភាពជោគជ័យនេះ មិនត្រឹមតែបានផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានកសាងស្ពានតភ្ជាប់ផ្ទាល់រវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរផងដែរ។ បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសម្របសម្រួល និងការគាំទ្ររបស់ស្ថានទូតកាណាដា និងភាគីកាណាដា ដែលជាកត្តាសំខាន់ក្នុងការធានាបាននូវភាពជោគជ័យនៃបេសកកម្មខាងលើ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះសង្កត់ធ្ងន់លើលក្ខណៈពិសេសរបស់កម្ពុជា ដែលជាប្រទេសទីមួយ ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ជាមួយសហរដ្ឋអាម៉េរិក។ ឯកឧត្តមបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះបានផ្តល់គុណប្រយោជន៍ជាយុទ្ធសាស្ត្រ ក្នុងការបង្កើនទំនុកចិត្ត និងភាពច្បាស់លាស់ដល់វិនិយោគិនអន្តរជាតិក្នុងការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា
ជាការឆ្លើយតប ឯកឧត្តម Alan Bowman បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការលើកឡើងខាងលើរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងបានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការចូលរួមយ៉ាងសកម្មលើកកម្ពស់រូបភាព និងមុខមាត់របស់កម្ពុជាក្នុងវេទិកាសកល ជាពិសេសនៅក្នុងកិច្ចការពាក់ព័ន្ធនឹងបរិយាកាសទូទៅនៃសង្គម និងឧត្តមភាពនៃការវិនិយោគរបស់កម្ពុជា សំដៅធានាថាអ្នកវិនិយោគកាណាដា និងអន្តរជាតិជ្រួតជ្រាបយ៉ាងច្បាស់ និងទូលំទូលាយអំពីការរីកចម្រើនរបស់កម្ពុជា។ ឯកឧត្តមក៏បានកោតសរសើរ ចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជាលើវិស័យភស្តុភារកម្ម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×