ខេត្តព្រះសីហនុ ៖ ស្នងការរងនគរបាល ទទួលបន្ទុកចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ លោក អ៊ី សុខា បានឲ្យដឹងថា កាលពីថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានល្បាត និងចាប់រថយន្តធុនធំធុនធ្ងន់ និងរថយន្តដឹកដី បើកចូលក្នុងក្រុងព្រះសីហនុពេលថ្ងៃ ខុសពេលវេលា ដែលរដ្ឋបាលខេត្តព្រះសីហនុកំណត់ បានរថយន្តចំនួន៤គ្រឿង និងរឺម៉កសម្រាប់ដឹកកុងតឺន័រចំនួន៤រឺម៉ក។ ក្នុងនោះ បានឃាត់រថយន្តដឹកដីចំនួន២គ្រឿង នៅត្រង់ចំណុចសេតេ ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុរួមមាន ៖
១- រថយន្តម៉ាក NISSAN ពណ៌ត្រេអ៉ី ពាក់ផ្លាកលេខខេមរភូមិន្ទ3-5246។
២- រថយន្តម៉ាក NISSAN ពណ៌ត្រេអ៉ី ពាក់ផ្លាកលេខខេមរភូមិន្ទ3-4373។
បន្ថែមលើនេះ កម្លាំងជំនាញ ក៏បាននាំយករឺម៉កសម្រាប់ដឹកកុងតឺន័រចំនួន៤រឺម៉ក ដែលត្រូវម្ចាស់ទុកចោលលើផ្លូវ ត្រូង់ចំណុចមុខរោចក្រស្រាបៀរអង្គរ ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
លោក អ៊ី សុខ បន្តថា នៅថ្ងៃដដែលនេះ កម្លាំងនគរបាលចរាចរណ៍ក៏បានឃាត់រថយន្តធុនធំដឹកដែក និងដឹកដីចំនួន២គ្រឿង ដែលបានបើកចូលក្រុង ត្រង់ចំណុចឆ្នេរឯករាជ្យ ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុរួមមាន ៖
១- រថយន្តម៉ាក HINO ពណ៌បៃតង ពាក់ផ្លាកលេខព្រះសីហនុ 3A-0689 ដឹកខ្សាច់។
២- រថយន្តម៉ាក FUSO ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ3A-3319 ដឹកដែក។
លោក អ៊ី សុខា ឲ្យដឹងដូច្នេះ រួចបន្តថា ចំពោះរថយន្តចំនួន ៤គ្រឿង និងរឺម៉កសម្រាប់ដឹកកុងតឺន័រចំនួន៤រឺម៉ក ត្រូវកម្លាំងនគរបាល បានយកទៅរក្សាទុកនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដើម្បីរង់ចាំរកដំណោះស្រាយតាមផ្លូវច្បាប់នាថ្ងៃខាងមុខ៕ ដោយ៖ ដែន សីមា