រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការស្រាវជ្រាវស្តីពី “ការវិភាគនិន្នាការ បញ្ហាប្រឈម និងទិសដៅគោលនយោបាយនៃកំណើនគ្រឹះស្ថានសិក្សាឯកជននៅកម្ពុជា” ដោយមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានកោតសរសើរនិងថ្លែងអំណរគុណដល់ក្រុមការងារពាក់ព័ន្ធដែលបានរៀបចំឯកសារទស្សនទានសម្រាប់គោលនយោបាយនេះ និងបានផ្តល់អនុសាសន៍ដល់ក្រុមការងារបច្ចេកទេសឱ្យផ្ដោតសំខាន់លើការប្រមូលទិន្នន័យជាក់ស្តែងនិងការវិភាគលើសូចនាករបរិមាណវិស័យឱ្យបានស៊ីជម្រៅ ដោយការងារនេះត្រូវចាប់ផ្តើមពីការធ្វើស្ទង់មតិពីអ្នកពាក់ព័ន្ធនានារួមមានគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន និងផ្ទៀងផ្ទាត់តួលេខគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិតចាប់ពីមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សាទាំងកម្មវិធីសិក្សាជាតិនិងអន្តរជាតិដូចជាកម្មវិធី IB ជាដើម ដើម្បីធានាថាទិន្នន័យលេខដែលទទួលបានមានប្រភពច្បាស់លាស់ ត្រឹមត្រូវតាមបច្ចេកទេស និងអាចយកមកប្រើប្រាស់ជាមូលដ្ឋានគ្រឹះក្នុងការរៀបចំគោលនយោបាយផ្អែកលើភស្តុតាងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងការពិនិត្យតួលេខឱ្យបានច្បាស់លាស់ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីការសិក្សាលើស្ថានភាពវិនិយោគនិងយន្តការគ្រប់គ្រងដើម្បីបង្ការហានិភ័យនៃការដួលរលំនៃគ្រឹះស្ថានសិក្សាមួយចំនួនដែលអាចបណ្តាលមកពីតម្លៃសិក្សាខ្ពស់ធៀបនឹងលទ្ធភាពសេដ្ឋកិច្ចនិងចំនួនសិស្សជាក់ស្តែង។ កិច្ចប្រជុំនេះក៏បានលើកទឹកចិត្តឱ្យមានការបើកវេទិកាពិភាក្សាផ្ទាល់ជាមួយខាងសាលាឯកជនដើម្បីប្រមូលមតិយោបល់ជុំវិញបញ្ហាប្រឈមក្នុងការប្រតិបត្តិការ ការលើកកម្ពស់គុណភាពអប់រំ និងការទទួលស្គាល់កម្រិតស្តង់ដាផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









