ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម មានករណីហិង្សាក្មេងទំនើង២ក្រុមវាយនិងគប់គ្នាទៅវិញទៅមក នៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៦ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង០២នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តបទល្មើសនៅចំណុចផ្លូវលេខ៥២៨ កែងផ្លូវលេខ៣៥៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែ កុម្ភ: ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៦:៥៧នាទីល្ងាច។
ក្មេងទំនើង០២នាក់មានឈ្មោះ កេង វិចរ៉ា អាយុ១៧ឆ្នាំ និងឈ្មោះ ប៉ាល់ បូរ៉ាអាយុ១៤ឆ្នាំ អ្នកទាំង២ ជនជាតិខ្មែរ មុខរបរ សិស្ស វិទ្យាល័យឥន្ទ្រទេវី ស្នាក់នៅផ្ទះជួលក្នុង ខណ្ឌសែនសុខ។
វត្ថុតាងចាប់យកមាន៖ ម៉ូតូម៉ាក HONDA TODAY ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1GW-8595 និងទូរស័ព្ទម៉ាក I PHONE11 ពណ៌ត្រាវ ជារបស់ជនសង្ស័យឈ្មោះ កេង វិចរ៉ា។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការនីតិវិធី។ ចំណែកក្មេងទំនើងនៅសល់មួយចំនួនទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន៕ រក្សាសិទ្ធដោយ៖សុទ្ធលី




