រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី “ការរៀបចំសាលារៀននៅជំរំក្នុងខេត្តបន្ទាយមានជ័យ” ដោយមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
មុនឈានចូលដល់កិច្ចប្រជុំដើម្បីពិនិត្យនិងសម្រេចលើផែនការរៀបចំសាលារៀនក្នុងជំរំខេត្តបន្ទាយមានជ័យនាពេលនេះ ក្រុមការងារជំនាញក្រោមឱវាទក្រសួងបានចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្ដែងនិងជួបសម្ភាសន៍ជាមួយគណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធតាមរយៈកម្រងសំណួរសម្ភាសន៍ ថតផ្តិតយករូបភាពសំខាន់ៗ និងរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា។
កិច្ចប្រជុំបានពិនិត្យពិភាក្សាលម្អិតលើរបាយការណ៍នៃការខូចខាតក្រោយសង្គ្រាមជាមួយយោធាថៃនិងតម្រូវការជាក់ស្តែងដើម្បីរៀបចំសាលារៀននៅជំរំ និងបានពិភាក្សាផ្លាស់ប្តូរយោបល់ប្រមូលធាតុចូលដើម្បីកែលម្អលើគម្រោងផែនការសាងសង់សាលារៀនបណ្ដោះអាសន្ននៅក្នុងជំរំក្នុងខេត្តបន្ទាយមានជ័យ និងការសាងសង់កន្លែងប្រើប្រាស់បណ្ដោះអាសន្នដើម្បីសម្រួលដល់ដំណើរការរៀននិងបង្រៀនអំឡុងពេលសាងសង់អគារសិក្សាស្តង់ដារឹងមាំ។
បន្ទាប់ពីបទបង្ហាញស្តីពីការរៀបចំសាលារៀននៅជំរំខេត្តបន្ទាយមានជ័យនិងកិច្ចពិភាក្សារួចមក ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗដូចខាងក្រោម៖
-រៀបចំបង្កើតគណៈកម្មាធិការក្រុមការងារចំពោះកិច្ចដើម្បីជំរុញការងារនេះដោយរក្សារចនាសម្ព័ន្ធសាលារៀនគោលដៅនៅដដែល
-ត្រូវបន្តយកចិត្តទុកដាក់លើកទឹកចិត្តនាយកនាយិកាសាលានិងលោកគ្រូអ្នកគ្រូនៅតំបន់ដែលរងផលប៉ះពាល់ដោយគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តតាមដានសភាពការណ៍បច្ចុប្បន្នភាពនៅតំបន់ព្រំដែននិងបន្តពង្រឹងកិច្ចសហការគ្នាឱ្យបានល្អប្រសើរ
-ពាក់ព័ន្ធនឹងការផ្លាស់ប្តូរទីតាំងនៃការសាងសង់សាលារៀនសូមក្រុមការងារជំនាញសិក្សាឱ្យបានច្បាស់លាស់ពីចំនួនសិស្សនិងទំហំនៃការវិនិយោគឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផល
-ត្រូវចុះពិនិត្យផ្ទាល់ដល់ទីតាំងថ្មីដោយសហការឱ្យបានល្អជាមួយមន្ទីរអប់រំ យុវជន កីឡាខេត្ត អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយនានាដែលបានចូលរួមចំណែកក្នុងគម្រោងជួសជុលនិងសាងសង់សាលារៀនដែលខូចខាតឡើងវិញ។
ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននៅតាមតំបន់ព្រំដែនជាមួយប្រទេសថៃ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំផែនការស្តារសាលារៀនឡើងវិញដោយបែងចែកជាតំបន់ដែលនៅមានការហ៊ុមព័ទ្ធដោយយោធាថៃជាតំបន់ក្រហម និងតំបន់ផ្សេងៗទៀតដែលអាចចាប់ផ្តើមចូលទៅរៀបចំនិងស្តារឡើងវិញបានជាបណ្តើរៗដើម្បីធានាបានថាការអប់រំនៅតែបន្ត ជាពិសេសក្រសួងមានបំណងយកឱកាសនេះដែរដើម្បីអភិវឌ្ឍសាលារៀននៅតាមតំបន់ព្រំដែនឱ្យរឹងមាំនិងល្អប្រសើរសម្រាប់ប្រើប្រាស់យូរអង្វែង ស្របតាមផែនការយុទ្ធសាស្ត្រអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០៕
រក្សាសិទ្ធដោយ៖សុទ្ធលី









