តាកែវ៖ជនដៃដល់ក្នុងករណីឃាតកម្មកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ។
កងរាជអាវុធហត្ថខេត្តកាកែវ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែខែកុម្ភៈ ឆ្នាំ២០២៦
អនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយឯកឧត្ដម ឯក ឆេងហូត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង៣:៣៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦(ត្រង់ចំណុចក្លោងទ្វារវត្តអង្គជុំ ភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះប៉ាង សុបិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាជនដៃដល់ ក្នុងករណីឃាតកម្ម ដោយយកពូថៅកាប់ជនរងគ្រោះស្លាប់ ចំនួនពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់ កាលពីវេលាម៉ោង២០:០៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿង ម៉ាកC១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ស្លាកលេខ តាកែវ 1Q-៦៥៤៨ ទូរសព្ទដៃចំនួន៣គ្រឿង ប្រាក់ចំនួន៥.៤០០រៀល
សូមជម្រាបថា កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីឃាតកម្មមួយដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ាង សុបិន បានទាញពូថៅកាប់លើបងស្រីបង្កើត ឈ្មោះ ប៉ាវ សុខន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និងក្មួយប្រុសឈ្នោះ ម៉ោង សីម៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ បណ្ដាលឱ្យស្លាប់ទាំង២នាក់ម្ដាយកូន យ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាមរួចព្យាយាមគេចខ្លួន ។
បើតាមការបំភ្លឺពីសាច់ញាតិជនរងគ្រោះ ឲ្យដឹងទៀតថា មូលហេតុ គឺមានការគុំគួនស្អប់ និងធ្លាប់មានទំនាស់ពាក្យសម្ដីបន្តិចបន្តួច ហើយជនដៃដល់ធ្លាប់បោកទូរស័ព្ទដៃបងស្រីចោលទៀតផង ។ ក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់ បានជិះម៉ូតូរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី







