Thursday, February 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំកែលម្អរសោភណ្ឌភាពឡើងវិញ នៅកំណាត់ផ្លូវនិងចិញ្ចើមផ្លូវមួយចំនួន នៅតំបន់ជុំវិញផ្សារដើមគរ

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងរៀបចំកែលម្អរសោភណ្ឌភាពឡើងវិញនៅកំណាត់ផ្លូវនិងចិញ្ចើមផ្លូវមួយចំនួននៅតំបន់ជុំវិញផ្សារដើមគរ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំចាត់ចែងដោយឯកឧត្តឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំឱ្យអាជីវករដែលរំលោភលើទ្រូងផ្លូវនិងចិញ្ចើមផ្លូវខាងលើ ទៅលក់ដូរបន្លែ ផ្លែឈើនៅផ្សារតាម៉ាប់ព្រែកជ្រៃនិងផ្សារដើមគរថ្មី ដោយដោះស្រាយតាមបែបឈ្នះ ឈ្នះ ក្នុងមនោសញ្ចេតនា ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ ខ្មែរ ។ ការ​រៀបចំកែលម្អរសោភណ្ឌភាពឡើងវិញនេះ តាមគម្រោងអាចនិងរួចរាល់ទាំងស្រុង ក្នុងចន្លោះ១ខែទៅ២ខែទៀត។
នេះបើតាមលោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានមានប្រសាសន៍ឱ្យដឹងនៅរសៀលថ្ងៃទី១៨ កុម្ភៈ២០២៦នេះ។

លោកស្រីដោ សម្ផស្ស បានបញ្ជាក់ទៀតថា៖ គិតមកដល់ពេលនេះ ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ជុំវិញបរិវេណផ្សារដើមគរ ចាប់ពីថ្ងៃទី១៨ មករា កន្លងមកនេះ យើងធ្វើបានច្រើនដែរហើយ ដោយផ្ដោតទៅលើផ្លូវធំៗចំនួន៣ខ្សែធំៗនោះគឺ មហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុងនិងផ្លូវលេខ២៣០។យើងបានរៀបចំការ៉ូឡា នៅជុំវិញផ្សារដើមគរជិតរួចរាល់ហើយ។ បន្តមកយើងនឹងចាប់ផ្ដើមមួយចំហៀងផ្លូវទៀត។ ការងាររៀបការរ៉ូឡានេះ យើងអាចបញ្ចប់ក្នុងចន្លោះពេល ខ្ទង់មួយខែទៀត។ នៅមហាវិថីមុនីរ៉េត ការងារនេះយើងត្រូវធ្វើទាំងពីរខាងផ្លូវ ពោលគឺទាំងក្នុងខណ្ឌទួលគោកនិងនៅក្នុងខណ្ឌបឹងកេងកង។ ដូចគ្នានេះដែរ ចំពោះ ផ្លូវ២ខ្សែទៀតដូចជាផ្លូវ២៣០និងមហាវិថីម៉ៅសេទុង យើងក៏អនុវត្តការងារនេះដូចគ្នាផងដែរ។ ចំណែកការងារផ្សេងទៀតមានទាំងការងារដាក់ប្រព័ន្ធលូ ជួសជុលអណ្ដូងលូ ក៏យើងបាននិងកំពុងដំណើរការព្រមៗគ្នាផងដែរ។ បន្ទាប់មកទៀតយើងអាចនឹងមានការអ៊ុតកៅស៊ូ អ៊ុតគូសគំនូសចរាចរណ៍នៅលើកំណាត់ផ្លូវ ទាំងនេះផងដែរ។

លោកស្រីដោ សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា៖ចំពោះគម្រោងខាងលើនេះអាចបញ្ចប់ទាំងអស់នៅក្នុងរង្វង់១ខែឬ២ខែខាងមុខទៀត។ រដ្ឋបាលរាជធានីភ្នំពេញ ក្រោយបានផ្លូវមកវិញ ធ្វើការកែលម្អរសោភណ្ឌភាពដោយរៀបជាថ្មក្រានីតលើចិញ្ចើមផ្លូវដើរថ្មើរជើង និងរៀបចំប្រព័ន្ធលូឡើងវិញមហាវិថីព្រះមុនីរ៉េត ផ្លូវ២៣០ មហាថីម៉ៅសេទុងនិងផ្លូវមួយចំនួនទៀត។

គួររំលឹកដែរថា៖ តាមរយៈការដោះស្រាយតាមបែបឈ្នះ ឈ្នះ និងមនោសញ្ចេតនា ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ ខ្មែរ របស់ឯកឧត្ដមឃួង ស្រេង និងដោយមានការគាំទ្រនិងចូលរួមពីបងប្អូនអាជីវករ ដោយពួកគាត់បានសម្រេចចិត្តផ្លាស់ប្តូទីតាំងពីការលក់ដូរ លើទ្រូងនិងចិញ្ចើមផ្លូវក្នុងតំបន់ជុំវិញផ្សារដើមគរចាស់ ហើយបាននាំគ្នាទៅលក់ដូរនៅផ្សារដើមគរថ្មី នាខណ្ឌព្រែកព្នៅ និងផ្សារតាម៉ាប់ព្រែកជ្រៃ សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ ដូច្នេះត្រូវរួមគ្នាដើម្បី ផ្ទះ ផ្លូវនិងទីក្រុងយេីងស្អាត ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិតជាខិតខំប្រឹងប្រែងណាស់សព្វថ្ងៃនេះ គឺធ្វើជាប់ជាប្រចាំ ប៉ុន្តែក៏ទាមទារការចូលរួមសហការនិងយោគយល់ អធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែរ ទេីបការប្រឹងប្រែងរបស់អាជ្ញាធរយើងទទួលបានជោគជ័យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×