Thursday, February 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុសខឹងសុំលុយ១ពាន់រៀលមិនបាន ទាញកាំបិតកាប់ម្ដាយស្លាប់ក្នុងថ្លុកឈាម នៅស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ​÷ កូនប្រុស​ចិត្ត​ជាតិរច្ឆាន​ម្នាក់​ខឹង​សុំ​លុយ​ម្ដាយ​ចំនួន​ 1.000​រៀល​ យក​ទៅ​ទិញ​បារី ប៉ុន្តែ​​ម្ដាយ​មិន​ឱ្យ ហើយ​ថែម​ទាំង​ស្ដីបន្ទោស​មិន​ជួយ​ការងារ​ផ្ទះ ស្រាប់តែ​កូនប្រុស​នោះស្ទុះ​ទៅ​ទាញ​​កាំបិតប៉័ងតោ​កាប់​លើ​ម្តាយ​ស្លាប់ក្នុងថ្លុកឈាម​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ឃាត់ខ្លួន ។​ ហេតុការណ៍​ឃាត់ខ្លួន​កូនប្រុស​ចិត្ត​តិរច្ឆានរូបនេះ​ កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​ 18 ខែកុម្ភៈ ឆ្នាំ​ 2026 នៅ​ចំណុច​ក្នុងភូមិ​ព្រៃ​ឫស្សី ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច ​ស្រុក​ភ្នំស្រួច​បាន​​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ 01:10នាទី ​រសៀល​ថ្ងៃ​ទី​18 ខែកុម្ភៈ ឆ្នាំ​2026 នៅ​ចំណុច​ក្នុងភូមិ​ព្រៃ​ឫស្សី ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច មាន​ករណី​ : ឃាតកម្ម​មួយ​កើតឡើង​ដោយ​កូនប្រុស​ប្រើ​កាំបិតប៉័ងតោ​ កាប់សម្លាប់​ម្ដាយបង្កើត​ ។

ជនសង្ស័យ​ដៃដល់​មាន ឈ្មោះ នឿ​ន ណែ​ត ហៅ​ខ្នែ​ត ភេទ​ប្រុស អាយុ​ 22ឆ្នាំ រស់នៅ​ជាមួយ​ឪពុក​-ម្តាយ​ក្នុងភូមិ​-​ឃុំ​ខាងលើ បាន​យក​កាំបិតប៉័ងតោ​ កាប់​ទៅ​លើ​ម្ដាយបង្កើត​ ឈ្មោះ​យួន ផា​ន អាយុ​ 47ឆ្នាំ រស់នៅ​ផ្ទះ​ជាមួយ​គ្នា ចំ​សៀតផ្កា​លើ​ត្រចៀក​ខាង​ស្ដាំ​ ចំនួន 1កាំបិត បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ យ៉ាងអាណោចអាធ័ម។

ប្រភពព័ត៌មានពីសមត្ថកិច្ច​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ដៃដល់​​នៅផ្ទះ​តែ​ 2នាក់​ម្ដាយ ពេល​ដែល​ជនសង្ស័យ​កំពុង​ដេក​អង្រឹង ​ហើយ​បាន​សុំ​លុយ​ម្ដាយ​ 1.000 រៀល​ យក​ទៅ​ទិញ​បារី​ជក់ ប៉ុន្តែ​ម្ដាយ​មិន​ឲ្យ​ ហើយ​ថែម​ទាំង​ស្ដីបន្ទោស​មិន​ដែល​ជួយ​ធ្វើ​ការងារ​ ។ ពេល​នោះ​ ជនសង្ស័យ​ដៃដល់​បាន​ស្ទុះ​ទៅ​យក​កាំបិតប៉័ងតោ​នៅ​លើ​តុ កាប់​ទៅ​លើ​ម្ដាយ​ហូរ​ឈាម​ជោកខ្លួន ​។ ពេល​ធ្វើ​សកម្មភាព​កាប់​រួច​បាន​បោះ​កាំបិតប៉័ងតោ​ចោល​ និង​បាន​ដើរទៅ​ដេក​នៅ​ក្នុង​អង្រឹង​នៅ​មុខ​ផ្ទះ ចំណែក​ម្ដាយ​ជា​ជន​រង​គ្រោះ​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ ។ លុះដល់​ម៉ោង​ 2:20 ​នាទី​ ថ្ងៃ​18 ខែកុម្ភៈ ឆ្នាំ​2026 ឪពុក​ត្រឡប់​មក​ពី​កាប់​អុស​វិញ ! បាន​ដើរ​ចូល​ក្នុងផ្ទះ​ទើប​ឃើញ​ប្រពន្ធ​(​ស្ត្រី​រង​គ្រោះ​​) ​របស់​ខ្លួន​ដេក​ស្លាប់​នៅ​ក្នុងផ្ទះ​បាត់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​សមត្ថកិច្ច​ទទួល​ព័ត៌មាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​ហៅ​ជនសង្ស័យ​ ឈ្មោះ នឿ​ន ណែ​ត ហៅ ខ្នែ​ត មក​សាកសួរ​ ។ជនសង្ស័យ​នេះបាន​ឆ្លើយ​សារភាព​ថា : រូប​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​កាំបិតប៉័ងតោ​កាប់សម្លាប់​ម្ដាយ​ប្រាកដ​មែន ​។ ជនសង្ស័យ​ដៃដល់​រូបនេះជា​កូន​បាន​បញ្ជាក់​អំពី​មូលហេតុ​ថា : សុំ​លុយ​ម្ដាយ​ចំនួន​ 1.000​រៀល​ យក​ទៅ​ទិញ​បារី តែ​ម្ដាយ​មិន​ឱ្យ ថែម​ទាំង​ស្ដីបន្ទោស​ថែម​ទៀត ទើប​ខ្លួន​កាប់​តែ​ម្តង​ទៅ​។

បច្ចុប្បន្ន​ ជនសង្ស័យ​ដៃដល់​ត្រូវ​ឃាត់ខ្លួន​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​និតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×