Thursday, February 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បេសកកម្មលើឆាកអន្តរជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញពីការទូតសកម្មរបស់រាជរដ្ឋាភិបាល ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ

ភ្នំពេញ ៖ ឯកឧត្តមប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើសេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីបេសកកម្មលើឆាកអន្តរជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បង្ហាញពីការទូតសកម្មរបស់រាជរដ្ឋាភិបាល ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ៖

ពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងបំពេញបេសកកម្មការទូតដ៏សំខាន់នៅសហរដ្ឋអាម៉េរិក មុននឹងបន្តដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប។ វត្តមានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅសហរដ្ឋអាម៉េរិក គឺដើម្បីចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ។ ក្រៅពីនោះ សម្តេចក៏មានគំរោងជួបទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាម៉េរិក និងមេដឹកនាំប្រទេសមួយចំនួនទៀតផងដែរ។ បន្ទាប់មក សម្តេចនឹងបន្តដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប ដូចជា នៅទីក្រុងហ្សឺណែវ និងព្រុចសែល ដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំអឺរ៉ុប និងភាគីពាក់ព័ន្ធមួយចំនួនទៀត។

នៅសហរដ្ឋអាម៉េរិក មុនចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្តល់កិច្ចសម្ភាសន៍ជូនទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិនេះថា បន្ទាប់ពីការប្រយុទ្ធគ្នាកាលពីឆ្នាំមុន កងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ទឹកដីកម្ពុជានៅទីតាំងមួយចំនួន ដោយចូលជ្រៅហួសពីខ្សែព្រំដែនដែលជាជំហរឯកតោភាគីដែលថៃទាមទារទៅទៀត បើទោះបីជាមានបទឈប់បាញ់ដែលសម្របសម្រួលដោយឯកឧត្តមប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក៏ដោយ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីការដាក់ទូរកុងតឺន័រ និងបន្លាលួសរបស់ភាគីថៃនៅក្នុងទឹកដីកម្ពុជា ដែលបានរារាំងប្រជាពលរដ្ឋស៊ីវិលកម្ពុជាប្រមាណជាជិត៨ម៉ឺននាក់មិនអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន ហើយស្ថានភាពនៅតាមព្រំដែននៅមានភាពផុយស្រួយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អ្វីដែលសម្តេចលើកឡើងមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែ វាគឺជាការពិតដែលកំពុងកើតឡើងនៅលើដីជាក់ស្តែង ហើយដែលកម្ពុជាមិនអាចទទួលយកការរំលោភបំពានលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនបែបនេះបានឡើយ។

សម្តេចនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាគីថៃនឹងអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ចាប់ផ្តើមការងារវាស់វែងនិងកំណត់ព្រំដែនឡើងវិញឱ្យបានឆាប់ដូចដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញជាធម្មតា។ សម្តេចធិបតីសង្ឃឹមថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពដែលរៀបចំដោយ លោកប្រធានាធិបតី Donald Trump គឺជាផ្នែកមួយដ៏មានគុណតម្លៃដែលអាចជួយបំពេញបន្ថែមពីលើយន្តការអន្តរជាតិដែលមានស្រាប់ក្នុងការជួយបន្ធូរភាពតានតឹង និងស្តាឡើងវិញនូវស្ថិរភាព សន្តិភាព ក្នុងតំបន់ជាច្រើនដែលមានជម្លោះឬសង្គ្រាម ក្នុងនោះក៏មានបញ្ហាព្រំដែនកម្ពុជា-ថៃ ផងដែរ។

តាមរយៈកិច្ចសម្ភាសន៍នេះ សំឡេងរបស់កម្ពុជាបានលឺខ្ទរខ្ទារពេញពិភពលោក ហើយដែលធ្វើឱ្យក្រសែភ្នែកសហគមន៍អន្តរជាតិបែរក្រឡេកមកចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត លើការរំលោភបំពានរបស់ថៃមកលើបូរណភាពទឹកដី និងប្រជាពលរដ្ឋខ្មែរ។ ជាពិសេស ជំហរសន្តិភាពនិយម និងគោរពច្បាប់អន្តរជាតិ តាមរយៈការស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី បានបង្ហាញពីនយោបាយការទូតបែបចាស់ទុំ ទន់ភ្លន់ និងត្រឹមត្រូវ ស្របតាមគោលបំណងរបស់សហគមន៍អន្តរជាតិដែលចង់បាន ជាពិសេសស្របនឹងស្មារតីនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិភាព ( Board of Peace) ដែលប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន នាពេលនេះ។

ជំនួបពិភាក្សាផ្សេងទៀត ជាមួយឥស្សរជនអាម៉េរិក និងមេដឹកនាំសហភាពអឺរ៉ុប ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានានៅក្នុងដំណើរបេសកកម្មរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅលើឆាកអន្តរជាតិនាពេលនេះ ក៏ជាការបង្ហាញអំពីនយោបាយការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ក៏ដូចជាការទាក់ទាញទេសចរ និងការវិនិយោគជាដើម។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកជូនជនរួមជាតិឡើងវិញនូវប្រសាសន៍របស់សម្តេចបវរធិបតីថា ការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ប្រាកដណាស់ថា ប្រធានបទដ៏សំខាន់មួយនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងបេសកកម្មការទូតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជានៅលើឆាកអន្តរជាតិនាពេលនេះ ដើម្បីជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងប្រកបដោយយុត្តិធម៌តាមរយៈការប្រើប្រាស់យន្តការដែលបានព្រមព្រៀងគ្នា និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ដែលជាជំហរឥតប្រែប្រួលរបស់កម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×