ខេត្តព្រះសីហនុ ៖ អាណាព្យាបាលមួយចំនួន រស់នៅទីប្រជុំជនក្នុងក្រុងព្រះសីហនុ បន្តបង្ហាញការព្រួយបារម្ភ ចំពោះបញ្ហាគ្រឿងញៀន ដែលកំពុងធ្វើសកម្មភាពគគ្រឹកគគ្រេង នៅតាមក្លឹបកម្សាន្តរាត្រី ឬហៅថា ក្លឹបរាំច្រៀងខារ៉ាអូខេ ដែលមានថៅកែជនជាតិចិនជាអ្នកគ្រប់គ្រង។
ផ្តើមពីបញ្ហានេះ ពួកគេសំណូមពរដល់ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធគ្រប់ជំនាញ ចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ខេត្ត ឲ្យជួយបង្កើនសកម្មភាពចុះត្រួតពិនិត្យ នៅតាមក្លឹបកម្សាន្តរាត្រី ដែលសង្ស័យមានការប្រើប្រាស់ និងចរាចរណ៍គ្រឿងញៀន នាក្រុងព្រះសីហនុ ឲ្យបានច្រើនថែមទៀត។
អាណាព្យាបាលមួយចំនួន រស់នៅក្នុងព្រះសីហនុ បង្ហាញការព្រួយបារម្ភថា បទល្មើសគ្រឿងញៀន ដែលកំពុងធ្វើចរាចរណ៍នៅតាមក្លឹបកម្សាន្តរាំច្រៀង និងសណ្ឋាគារកាស៊ីណូ ដែលមានថៅកែជាជាតិចិន គឺសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធគ្រប់គ្រងមិនទាន់អាចគ្រប់គ្រងឲ្យបានល្អនោះទេ។ការព្រួយបារម្ភនេះបានកើតមាន បន្ទាប់ពីក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សង្កេតឃើញថា កម្លាំងជំនាញនគរបាលក្រសួងមហាផ្ទៃ នគរបាលខេត្តព្រះសីហនុ និងកម្លាំងកងរាជអាវុធហត្ថខេត្តជាដើម បានឆ្មក់ចូលបង្ក្រាបបទល្មើសសេព និងចរាចរណ៍លក់ដូរគ្រឿងញៀនបានជាច្រើនករណី នៅតាមទីតាំងកម្សាន្តរាំច្រៀង និងទីតាំង ដែលជនជាតិចិនជួលសម្រាក់នៅ ហើយមានថៅកែជាជនជាតិចិនគ្រប់គ្រង មានប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
បញ្ហានេះ ទាំងអាណាព្យាបាល និងអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម ប្រចាំខេត្តព្រះសីហនុ បានសំណូមពរដល់ កម្លាំងសមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធ ទាំងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុជាដើម ឲ្យជួយបង្កើនសកម្មភាពចុះស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រឿងញៀន ដែលកំពុងធ្វើចរាចរណ៍គគ្រឹកគគ្រេង នៅតាមក្លឹបកម្សាន្តខារ៉ាអូខេ ឬក្លឹបឌីស្កូ ដែលមានថៅកែ ជាជនជាតិចិន នាទីប្រជុំជនក្នុងក្រុងព្រះសីហនុ ឲ្យបានជាប្រចាំដូចភ្លៀងរលឹម ព្រោះបទល្មើសគ្រឿងញៀន ដែលធ្វើចរាចរណ៍នៅតាមក្លឹបរាត្រីនាទីប្រជុំជនក្រុងក្រុងព្រះសីហនុ មានព័ត៌មានមកថា បានបន្តធ្វើសកម្មភាពលួចលាក់ នៅតាមទីតាំងមួយចំនួន។
តាមការកត់សម្គាល់ក្នុងប៉ុន្មានខែចុងក្រោយនេះ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឆ្មក់ចូលបង្ក្រាប និងចាប់ឃាត់ខ្លួនជនសង្ស័យ បទល្មើសគ្រឿងញៀន នៅតាមក្លឹបកម្សាន្តរាត្រីដែលគ្រប់គ្រងដោយជនជាតិចិនបានជាច្រើនករណី និងបានកសាងសំណុំរឿងបទល្មើខាងលើនេះ បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុបន្តនីតិវិធីតាមផ្លូវច្បាប់៕ ដោយ៖ ដែន សីមា