ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងតាមបណ្តោយមាត់ទន្លេ មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ មានការរៀបចំពិធីបើកព្រឹត្តិការណ៍អបអរខួបគម្រប់១០ឆ្នាំនៃ «ដំណើរភាពយន្តចល័តកម្ពុជា–ចិន» និងអបអរសាទរ ឆ្នាំទេសចរណ៍កម្ពុជា–ចិន ក្រោមអធិបតីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងតំណាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ព្រមទាំងមានការចូលរួមដោយថ្នាក់ដឹកនាំមន្ត្រីរាជការ និងយុវជនសហព័ន្ធសហភាពយុវជនកម្ពុជា ជាច្រើនរូប។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈភាពយន្ត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងជំរុញការអភិវឌ្ឍទេសចរណ៍ភាពយន្ត (Film Tourism) ដែលជាយុទ្ធសាស្ត្រសំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលវប្បធម៌ និងទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។
ក្នុងឱកាសនេះ ឯកឧត្តម ហាប់ ទូច បានថ្លែងអំណរគុណដល់ដៃគូភាគីចិន ដែលតែងឧបត្ថម្ភគាំទ្រដល់កម្ពុជា ទាំងផ្នែកសម្ភារៈបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្ស។ ឯកឧត្តមបានប្តថា ព្រឹត្តិការណ៍នេះជាសក្ខីភាពនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការវប្បធម៌ដ៏រឹងមាំរវាងកម្ពុជា និងចិន ដែលបន្តរួមចំណែកលើកកម្ពស់វិស័យភាពយន្ត វប្បធម៌ និងទេសចរណ៍ ឱ្យកាន់តែរីកចម្រើន និងមានភាពរស់រវើកនៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងផងដែរថា ភាពយន្តគឺជាឧបករណ៍ផ្សព្វផ្សាយដ៏មានឥទ្ធិពល ដែលអាចបង្កើនការចាប់អារម្មណ៍របស់ទស្សនិកជនអន្តរជាតិ និងជំរុញឱ្យភ្ញៀវទេសចរមកទស្សនាទីតាំងពិតនៅកម្ពុជា តាមរយៈសាច់រឿង និងរូបភាពវប្បធម៌ជាតិ។
សូមបញ្ជាក់ជូនថា កម្មវិធីនេះនឹងធ្វើការចាក់បញ្ចាំងភាពយន្តចិន និងភាពយន្តខ្មែរ សម្រាប់ជូនសាធារណជនទស្សនា ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៨:៣០នាទី៕ រក្សាសិទ្ធដោយ៖សុទ្ធលី


















