សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៦ ក្រោមប្រធានបទ «ចូលរួមទាំងអស់គា្ន ដើម្បីជនភៀសសឹកនិងសហគមន៍មានសុវត្ថិភាព» ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានក្តីសោមនស្សរីករាយក្រៃលែង សូមថ្លែងនូវសារលិខិត ដើម្បីរំលឹកដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ គ្រោះថ្នាក់ដែលបង្កឡើងដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាមបានបន្សល់នូវមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលឱ្យ ប្រជាពលរដ្ឋរាប់ម៉ឺននាក់រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបានបង្កនូវសោកនាដកម្មដ៏ឈឺចាប់ និងបានរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។ ជាមួយនឹងការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្រោមនយោបាយ«ឈ្នះ-ឈ្នះ»នៅចុងឆ្នាំ១៩៩៨រាជរដ្ឋាភិបាលកម្ពុជាអាចមានលទ្ធភាពដោះស្រាយនូវផល អវិជ្ជមានលើគ្រប់វិស័យ។ ជាមួយគ្នានេះ សមិទ្ធផលទាក់ទងនឹងសកម្មភាពមីន បានចូលរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
រយៈពេល៣៣ឆ្នាំកន្លងមកនេះ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៥ ផ្ទៃដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន ៧៨ភាគរយ ហេដ្ឋារចនាសម្ព័ន្ធមាន ៥ភាគរយ និងផ្សេងៗមាន ១៧ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម។ មីនប្រឆាំងមនុស្សចំនួន ១ ២០៧ ១៣៣គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៦ ៧០០គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ២៤៤ ១៧៨គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៣៩នាក់ ក្នុងឆ្នាំ២០២៥។
ទន្ទឹមនឹងសមិទ្ធផលទាំងនេះ កម្ពុជាក៏បានក្លាយជាប្រទេសឈានមុខគេ និងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសកម្មភាពមីនសកល ក្នុងនោះផងដែរ ក្នុងឆ្នាំ២០២៤ កម្ពុជាបានធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ ដែលគ្មានមីន» ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព កម្ពុជាបាន និងបន្តចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុរក្សាសន្តិភាព និងសកម្មភាពបោសសម្អាតមីនទូទាំងសកលលោក ក្នុងនាម ជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ គិតពីឆ្នាំ២០០៦មក កម្ពុជាបានខិតខំចែករំលែក និងបញ្ជូនកងកម្លាំង រក្សាសន្តិភាពចំនួន ១០ ៤៤៧នាក់ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាព ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងបំពេញការងារមនុស្សធម៌ផ្សេងៗ រួមទាំងការងារបោសសម្អាតមីន ចូលរួមចំណែកសម្រាល ទុក្ខលំបាកជូនដល់ប្រទេសផ្សេងៗ ដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជា ប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី អាហ្វ្រិកកណ្ដាល ឆាដ ស៊ីប ស៊ូដង់ យេម៉ែន ស៊ីរី និងកុងហ្គោ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា ជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមឆ្លៀតយកឱកាសនេះសម្តែង នូវអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត ជូនចំពោះប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ ប្រតិបត្តិករជាតិ និងអន្តរជាតិ សប្បុរសជន ជាពិសេសកងកម្លាំងដោះមីន ដែលបានខិតខំចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការបោសសម្អាតមីនលក្ខណៈមនុស្សធម៌នេះ ដែលទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបានចាត់ទុកសកម្មភាព បោសសម្អាតមីន ជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមផ្ដល់សុខសុវត្ថិភាព ការជំរុញ ការអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រ និងនាំមកនូវការរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរនៅកម្ពុជា។
ជាអកុសល ក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាបានទទួលរងគ្រោះធ្ងន់ធ្ងរពីជម្លោះព្រំដែនកម្ពុជា-ថៃ ដោយ យោធាថបានរំលោភបំពានមកលើអធិបតេយ្យភាពជាតិកម្ពុជា និងបានប្រើប្រាស់គ្រាប់បែកចង្កោម គ្រាប់ផ្លោង គ្រាប់ទម្លាក់ និងគ្រាប់ផ្សេងទៀត ដែលបានបំផ្លិចបំផ្លាញលំនៅឋាន ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា មណ្ឌលសុខភាព សាលារៀន វត្តអារាម ប្រាសាទបុរាណ និងបានបង្ខំឱ្យប្រជាជនរាប់ម៉ឺនគ្រួសារត្រូវជម្លៀស ទៅកាន់ទីតាំងសុវត្ថិភាព។ គ្រាប់ទាំងនោះ មានមួយចំនួននៅមិនទាន់ផ្ទុះ និងស្ថិតនៅរាយប៉ាយជាច្រើនទីតាំង ដែលអាចបណ្តាលឱ្យផ្ទុះនិងបង្កគ្រោះថ្នាក់គ្រប់ពេលវេលា។ ជាក់ស្ដែង កន្លងមកនេះ មានករណីប្រជាពលរដ្ឋស៊ីវិល បានទទួលរងគ្រោះស្លាប់ និងរបួស ដោយសារគ្រាប់បែកចង្កោមដែលនៅសេសសល់ទាំងនោះ។
ផ្ទៃដីរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាច្រើនគីឡូម៉ែត្រការ៉េទៀតដែល មិនទាន់បានបោសសម្អាតរួច និងផ្ទៃដីដែលសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់មិនទាន់ផ្ទុះ បន្សល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលត្រូវស្រាវជ្រាវបន្ត ធ្វើឱ្យការគំរាមកំហែងនៅមានទំហំធំធេង ដែលទាមទារឱ្យ រាជរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីសម្រេចបានគោលដៅ «ឆ្ពោះទៅរកកម្ពុជា
មួយគា្មនផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។
ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តការយកចិត្តទុកដាក់ដោះស្រាយបញ្ហា ដែលបង្កឡើង ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០២, គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ និង គោលនយោបាយជាតិស្ដីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ដែលនឹងត្រូវអនុម័តនាពេលខាងមុខ។
ឆ្លៀតក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមផ្ដល់នូវអនុសាសន៍ ដូចតទៅ៖
ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជន យុវនារីនៅតាមសហគមន៍ដែលរងផលប៉ះពាល់ តាមរយៈ៖ សកម្មភាពអប់រំដោយផ្ទាល់នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ កម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡានិងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាអាទិ៍តាមវិទ្យុ ទូរទស្សន៍ បណ្តាញសង្គម ផ្ទាំងប៉ាណូ និងខិត្តបណ្ណនានា។
ទី២- អាជ្ញាធរមីន ត្រូវដឹកនាំ សម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ប្រតិបត្តិករជាតិ និងអន្តរជាតិ ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសប្បុរសជន ដើម្បីបង្ការគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ និងផ្តល់ដីសុវត្ថិភាពសម្រាប់ធ្វើស្រែចម្ការ កសាងលំនៅឋាន សាលារៀន មន្ទីរពេទ្យ អាគាររដ្ឋបាល ស្ពាន-ថ្នល់ ហើយជាពិសេសរួមចំណែកដល់ការស្ដារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈការស្រាវជ្រាវ និងបោសសម្អាតមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម ការអប់រំអំពីគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ។
ទី៣- ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសប្បុរសជន សូមសហការជាមួយអាជ្ញាធរមីន និងបន្តគាំទ្រដល់សកម្មភាពខាងលើ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ស្តារឡើងវិញនូវសេចក្ដីថ្លៃថ្នូរ និងកសាងអនាគតរុងរឿងរបស់ប្រជាពលរដ្ឋ។
ទី៤- ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ វិស័យឯកជន សប្បុរសជន និងភាគីពាក់ព័ន្ធ សូមចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានគោលដៅ «ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម» ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក៏សូមអំពាវនាវផងដែរដល់បងប្អូនជនរួមជាតិទាំងអស់ មេត្តាចូលរួមអនុវត្ត ដូចខាងក្រោម៖
ក្នុងករណីបើបងប្អូន កូនក្មួយឃើញមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម សូមកុំទៅជិត កុំប៉ះពាល់ កុំដំ កុំដុត និងកុំគប់លេង ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ និងបាត់បង់អាយុជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន
ឬប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតបំផុត
- ហាមដឹកជញ្ជូន រក្សាទុក ទិញ លក់ កែច្នៃមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ដែលជាអំពើខុសច្បាប់។-កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ច្បាស់ ឬសង្ស័យថា មានមីន គ្រាប់បែកចង្កោម និង សំណល់ជាតិផ្ទុះពីសង្គ្រាម៕រក្សាសិទ្ធដោយ៖សុទ្ធលី











