សារព័ត៌មានជប៉ុនចុះផ្សាយព័ត៌មានឲ្យដឹងថា កងកម្លាំងការពារឆ្នេរសមុទ្រ Akita នៅថ្ងៃទី ២៧/១១ បានរកឃើញគ្រោងឆ្អឹងមនុស្ស ៨នាក់ លើទូកឈើ១ ដែលរសាត់អណ្តែតចូលមកឆ្នេរសមុទ្រ Miyazawa នៅភាគពាយ័ព្យ កោះ Hon shu ដែលជាកោះធំ១ របស់ជប៉ុន។
ទូកគ្មានម្ចាស់នេះ ត្រូវបានប្រទះពេលវារសាត់អណ្តែតនៅតំបន់ក្រៅឆ្នេរកាលពីថ្ងៃសុក្រ សប្តាហ៍មុន ប៉ុន្តែសមត្ថកិច្ចទើបតែប្រទះឃើញគ្រោងឆ្អឹងទាំងនោះពេលវារសាត់ចូលដល់កៀកឆ្នេរកាលពីថ្ងៃទី ២៧/១១ ប៉ុណ្ណោះ។
តាម CNN មាន “ទូកខ្មោច” យ៉ាងតិច ៤គ្រឿង បានរសាត់ចូលមកឆ្នេរសមុទ្រប៉ែកខាងលិចជប៉ុន ក្នុងអំឡុងខែ ១១ នេះ ហើយមានទូកខ្លះមានផ្ទុកសាកសពរបស់មនុស្ស។ មានសញ្ញាជាច្រើនបញ្ជាក់ថា វាមកពីកូរ៉េខាងជើង។
Satoru Miyamoto សាស្ត្រាចារ្យម្នាក់ នៃសកលវិទ្យាល័យ Seigakuin ជាអ្នកជំនាញអំពីកូរ៉េខាងជើង ឲ្យដឹងថា ចំនួន “នាវាខ្មោច” មានការកើនឡើងតាំងពីឆ្នាំ ២០១៣ ហើយពួកវារសាត់ចូលមកដែនសមុទ្រជប៉ុន។
តាមលោកនោះគឺ ៖ “រឿងនេះកើតមានឡើងតាំងពីពេលដែលមេដឹកនាំ Kim Jong-Un របស់កូរ៉េខាងជើង បានសម្រេចចិត្តពង្រីកវិស័យនេសាទសមុទ្របំណងស្វះស្វែងរកបន្ថែមប្រភពចំណូលឲ្យកងទ័ព។ ពួកគេបានប្រើប្រាស់នាវាចាស់ៗតម្លើងដោយកងទ័ព ហើយអ្នក “នេសាទតាមបទបញ្ជា” ទាំងនោះពុំមានចំណេះដឹងក្នុងការបញ្ជាវាដើម្បីនេសាទឡើយ។ រឿងនេះនៅមានបន្តទៀត។
មុននោះនៅថ្ងៃទី ១៥/១១ កងកម្លាំងការពារឆ្នេររបស់ជប៉ុន សង្គ្រោះបានពលរដ្ឋកូរ៉េ ៣នាក់ ហើយបានប្រទះឃើញលើនាវាពួកគេ មានសាកសពមនុស្ស ៣នាក់ទៀត។
នៅថ្ងៃទី ១៧/១១ សាកសព ៤នាក់ទៀត ត្រូវបានប្រទះឃើញលើនាវាមួយផ្សេង ដែលរសាត់មកកាន់តំបន់នេះ។ ថ្ងៃទី ២៣/១១ ជនជាតិកូរ៉េខាងជើង ៨នាក់ ទៀតក៏ត្រូវបានសង្គ្រោះបន្ទាប់ពីទូករបស់ពួកគេរសាត់ចូលឆ្នេរសមុទ្រ ខេត្ត Akita។
ហេតុការណ៍ខាងលើកើតឡើងក្នុងស្ថានភាពដែលមានករណីរត់ភៀសខ្លួនពីកូរ៉េខាងជើងកើតឡើង ៣-៤ ករណី ក្នុងខែ១១នេះ។ លេចធ្លោគឺករណីទាហានម្នាក់បានរត់សំដៅមកកាន់កូរ៉េខាងត្បូង ឆ្លងកាត់តំបន់ ស ក្រោមភ្លៀងគ្រាប់កាំភ្លើងរបស់អតីតយុទ្ធមិត្តរបស់ពួកគេ៕ សូយន