កំពង់ស្ពឺ ៖ យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១:៣០នាទីរំលោងអាធ្រាត នៅចំណុចលេីផ្លូវលេខ១០៥ ស្ថិតនៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានករណីបង្កហិង្សាដោយចេតនា ប៉ុនប៉ងមនុស្សឃាតនិងកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ។
ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អលណែនាំពីជំនាញព្រហ្មទណ្ឌខេត្ដកំពង់ស្ពឺ កំលាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ទោ យ័ន្ដ សង្ហារ អធិការនគរបាលក្រុងច្បារមន បានបញ្ជាឱ្យកំលាំងធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាក្រុមប្រព្រឹត្ដបាន និងឈានទៅឃាត់ខ្លួន ២នាក់ ដកហូតបានកាំបិតផ្គាក់មួយ ម៉ូតូមួយគ្រឿង ម៉ាក HONDA ប៊ិត ពណ៍ខ្មៅឆ្នាំ២០២៣ ផ្លាកលេខ ភ្នំពេញ 1KT-8313 និងផ្លាកលេខម៉ូតូដែលបានប្លន់យកទៅមួយបន្ទះ (ភំ្នពេញ 1KN-2992) ។
ជនសង្ស័យ មានឈ្មោះ (១) ផាន់ ច័ន្ទសុភ័ណ្ឌ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (២)-សំ សុវណ្ណារ៉ា ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិតាំក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ករណីខាងលេីដោយផ្អែកតាមបណ្ដឹងរបស់ជនរងគ្រោះបានមកផ្ដល់សេចក្ដីរាយការណ៍ជូនសមត្ថកិច្ចភ្លាម ឱកាសនៃការរត់គេចមិនអាចទុកលេីស២៤ម៉ោងបានឡេីយ ជនល្មេីសត្រូវបានបង្រ្កាបនិងបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងច្បារមន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ដ ចាត់ការតាមនីតិវិធីបន្ដ៕រក្សាសិទ្ធដោយ៖សុទ្ធលី




