Wednesday, February 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតកម្ពុជា ៖ នៅក្នុងភូមិមួយចំនួនតាមព្រំដែនដែលថៃកាន់កាប់ មានជនស៊ីវិលត្រូវបានបណ្តេញចេញពីផ្ទះដោយបង្ខំ ផ្ទះសម្បែងត្រូវបានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធយោធាត្រូវបានសាងសង់

ប្រទេសស្វីស ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ ក្នុងសម័យប្រជុំ លើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា «…នៅពេលដែលយើងកំពុងពង្រឹងវឌ្ឍនភាពផ្ទៃក្នុង និងការអភិវឌ្ឍរបស់យើង ប្រតិបត្តិការយោធាថៃ នៅពាក់កណ្តាលឆ្នាំ២០២៥ និងចុងឆ្នាំ២០២៥ បានពង្រីកទៅតំបន់ព្រំដែនជាច្រើន ដែលបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រជាជនស៊ីវិលរបស់យើង ផលវិបាកដែលធ្លាក់ចូលទៅក្នុងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ។

បទ​ឈប់​បាញ់​លើក​ទី​ពីរ​ដែល​សម្រេច​បាន​កាល​ពី​ចុង​ឆ្នាំ​មុន​នៅ​តែ​មាន ប៉ុន្តែនៅ​មាន​ភាព​ផុយស្រួយ។ ចាប់តាំង​ពី​ពេល​នោះ​មក ទីតាំង​យោធាត្រូវ​បាន​បង្កើត​ឡើង​លើសពីទីតាំងដែលថៃធ្លាប់អះអាង ហើយចូលមកក្នុងទឹកដីកម្ពុជា…»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តទៀតថា នៅក្នុងភូមិមួយចំនួនតាមព្រំដែនដែលថៃកាន់កាប់ មានជនស៊ីវិលត្រូវបានបណ្តេញចេញពីផ្ទះដោយបង្ខំ ផ្ទះសម្បែងត្រូវបានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធយោធាត្រូវបានសាងសង់ ហើយផ្លូវចូលត្រូវបានបិទដោយលួសបន្លា និងទូកុងតឺន័រ រារាំងការវិលត្រឡប់ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ជនស៊ីវិល ដែលបំពានលើព្រមព្រៀងរវាងប្រទេសទាំងពីរ។

កម្រិតអរិភាពខ្ពស់នៅពេលនោះ ដោយមានជនភៀសសឹកជិត ៦៥ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅ។ នាពេលបច្ចុប្បន្ននេះ ជនភៀសសឹកប្រមាណ ៨ម៉ឺននាក់នៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេបាន។

ក្នុងអំឡុងពេលនេះ កម្ពុជាបានបង្ហាញពីការអត់ធ្មត់ជាទីបំផុត និងស្មារតីទទួលខុសត្រូវខ្ពស់ តាមរយៈការផ្តល់ជំនួយមនុស្សធម៌ ការធានាបន្តនូវសេវាសំខាន់ៗសម្រាប់ជនភៀសសឹករបស់ខ្លួន និងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះបទឈប់បាញ់ និងការសន្ទនាដោយសន្តិវិធី ដើម្បីវិលទៅរកភាពប្រក្រតីវិញ។ ការការពារសិទ្ធិមនុស្សគឺមិនអាចបំបែកចេញពីសន្តិភាពបានទេ។

កម្ពុជាអំពាវនាវទៅភាគីថៃ ត្រូវគោរពឱ្យបានពេញលេញ និងអនុវត្តដោយស្មោះត្រង់លើកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយការដកកងកម្លាំងខ្លួនចេញពីទឹកដីកម្ពុជា ដែលវត្តមានរបស់កងកម្លាំងថៃនេះគឺជាឧបសគ្គចម្បងចំពោះការវិលត្រឡប់របស់ជនស៊ីវិលទៅកាន់លំនៅឋានប្រកបដោយសុវត្ថិភាព និងសេចក្តូថ្លៃថ្នូរ និងអំពាវនាវឱ្យដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍មិនប្រើប្រាស់កម្លាំង និងត្រូវប្រើប្រាស់ច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។

មានតែតាមរយៈការប្រកាន់ខ្ជាប់បែបនេះទេ ទើបប្រជាជនយើងទាំងពីររស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក៕រក្សាសិទ្ធដោយ៖សុទ្ធលី

×