ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ បានអនុញ្ញាតឲ្យប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលត្រូវទៅចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៥ នាពេលខាងមុខ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ សម្រាប់ការចូលរួមកម្មវិធី នាវាដ៏មានសារសំខាន់នេះ បានជោគជ័យជូនប្រទេសជាតិ ពិសេសការពង្រឹងពង្រីក និងផ្សព្វផ្សាយកិត្យានុភាព កម្ពុជានៅលើឆាកអន្តរជាតិ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ការចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ជាឱកាសពិសេស ក្នុងការឲ្យយុវជនកម្ពុជាពង្រឹង និងពង្រីកចំណងទំនាក់ទំនងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងយុវជនអាស៊ាន និងជាមួយប្រទេសជប៉ុន។ ត្រូវសិក្សាស្វែងយល់ឲ្យបាន ច្បាស់ពីប្រវត្តិសាស្ត្រប្រទេសរបស់ខ្លួន និងប្រទេសដទៃ ដើម្បីងាយស្រួលក្នុងការអនុវត្តការងារ និងបកស្រាយប្រាប់យុវជនរួមដំណើរ។
សូមជម្រាបថា យុវជនកម្ពុជាចំនួន២៩នាក់ នឹងត្រូវចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៥ ពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ។ លោក ស្រ៊ាន គឹមលី ប្រធានប្រតិភូ និងជាប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានជម្រាប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថា នៅក្នុងរយៈពេល៥២ថ្ងៃនេះ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ ដែលមានយុវជនមកពីប្រទេសក្នុងអាស៊ាន រួមនឹងប្រទេសជប៉ុន ដែលជា អ្នកបង្កើតកម្មវិធីនេះ និងធ្វើដំណើរតាមនាវា ពីប្រទេសជប៉ុន ឆ្លងកាត់ប្រទេសប្រ៊ុយណេ ហ្វីលីពីន ថៃ និងប្រទេសវៀតណាម។ នៅក្នុងនោះ គណៈប្រតិភូយុវជនទាំងអស់ នឹងមានកម្មវិធីពិភាក្សាគ្នាទៅលើប្រធានបទសំខាន់ៗ ក្នុងការជួយដល់សង្គមជាតិ ការរឹតចំណងមិត្តភាពនៃប្រទេស នីមួយៗ។
លោក ស្រ៊ាន គឹមលី បានគូសបញ្ជាក់ថា នៅពេលនោះយុវជននិងត្រូវចែករំលែកពីវប្បធម៌ សិល្បៈ នៃប្រទេសនីមួយៗ។ ការស្នាក់នៅជាមួយ ឪពុកម្តាយធម៌ ហើយនៅពេលកម្មវិធីនាវាឆ្លងកាត់ប្រទេសណា យុវជនគណៈប្រតិភូ និងបានចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំប្រទេស នោះផងដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ផ្តាំផ្ញើថា “ក្មួយត្រូវខិតខំសិក្សា ស្វែងយល់បន្ថែមទៀត អំពីចំណេះដឹងទូទៅទាក់ទងនឹង ស្ថាប័ន តំបន់ និងអន្តរជាតិនានា ដែលកម្ពុជាជាសមាជិក ក្នុងនោះ ដូចជាអាស៊ាន អន្តរសភាអាស៊ាន(អាយប៉ា) និងអង្គការអន្តរជាតិផ្សេងៗទៀត រួមទាំងអត្ថប្រយោជន៍ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការទាំងនោះសម្រាប់កម្ពុជាយើង”។
សម្តេចបានផ្តល់ជាអនុសាសន៍ថា យុវជនដែលជាប្រតិភូទាំងអស់ ត្រូវយកចិត្តទុកដាក់ និងសិក្សារៀនសូត្រពីស្ថានភាពរបស់ប្រទេសដទៃ និងអំពីភាព រីកចម្រើនរបស់ប្រទេសនោះ ដើម្បីពាំនាំនូវចំណុចល្អៗយកមកអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន។ ត្រូវចេះស្រលាញ់គ្នាឲ្យដូចជាបងប្អូន ដោយត្រូវធ្វើការសហការគ្នាធ្វើការងារជាក្រុម និងចេះជួយធុរៈគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ដូចពាក្យខ្មែរមួយឃ្លាពោលថា “នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយ តែមួយ”។
សម្តេចអគ្គមហាពញាចក្រី បានសង្កត់ធ្ងន់ថា យុវជនទាំងអស់ត្រូវធ្វើជាមគ្គុទេសដ៏ល្អម្នាក់ ជាអ្នកការទូតម្នាក់ តំណាងឲ្យកម្ពុជា ដោយរក្សាឲ្យបាននូវកិត្តិយស តម្លៃ និងវប្បធម៌របស់ជាតិ ដោយត្រូវព្យាយាមលើកកម្ពស់វប្បធម៌ ទេសចរណ៍ និងអត្តសញ្ញាណជាតិ ព្រមទាំងរក្សានូវទំនាក់ទំនងល្អ ជាមួយយុវជនបណ្តាប្រទេសដ៏ទៃទៀត។
កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន បង្កើតឡើងដោយប្រទេសជប៉ុន គឺនៅឆ្នាំ១៩៧៤។ ចំណែក សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានបង្កើតឡើងនៅឆ្នាំ២០០៤ ដែលរហូតមកដល់ពេលនេះ មានយុវជនកម្ពុជា ចំនួន៦៦៩នាក់ ហើយបានចូលរួមជាមួយកម្មវិធីនាវាយុវជនអាស៊ី អាគ្នេយ៍-ជប៉ុននេះ។ លោក ស្រ៊ាន គឹមលី បានមានប្រសាសន៍ថា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានដំណើរការរហូតមកដល់ពេលនេះ គឺដោយសារទទួលបានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំ ស្ថាប័នកំពូលៗរបស់ជាតិ ក្រសួងមន្ទីរនានា ជាពិសេស ការផ្តល់កិត្តិយសយ៉ាងថ្លៃថ្លារបស់ សម្តេចប្រធានរដ្ឋសភា ដែលជាតំណាងស្ថាប័ននីតិប្បញ្ញត្តិរបស់ជាតិ៕ ដោយ ៖ កូឡាប