Friday, February 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្ថុបុរាណ ខ្មែរចំនួន៧៤រូប ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ក្រោយទាមទារបានពីការកាន់កាប់របស់លោក ឌូគ្លាស ឡាចហ្វដ ដោយ អនុលោមតាមកិច្ចព្រមព្រៀងឆ្នាំ២០២០

ភ្នំពេញ ៖ ក្រសួងវប្បម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរចំនួន៧៤រូប ពីគ្រួសារលោក ឌូកា្លស ឡាចហ្វដ (Douglas Latchford)។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា វត្ថុបុរាណខ្មែរចំនួន៧៤រូប ដែលទាមទារបានពីការកាន់កាប់របស់លោក ឌូប្លាស ឡាចហ្វដ ត្រូវបានបញ្ជូនត្រឡប់ មកកម្ពុជាវិញ ដោយអនុលោមតាមកិច្ចព្រមព្រៀងឆ្នាំ២០២០ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង គ្រួសារលោក ឡាចហ្វដ។

ការបញ្ជូនត្រឡប់មកវិញនូវមរតកវប្បធម៌ខ្មែរដែលមានចំនួនដ៏ច្រើននេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មី មួយទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីការបញ្ជូនវត្ថុបុរាណខ្មែរសំខាន់ៗមួយចំនួនពីគ្រួសារ លោក ឡាចហ្វដ កាលពីឆ្នាំ២០២១ និងឆ្នាំ២០២៣ តាមរយៈកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជា ដើម្បី ប្រមូលមកវិញ ថែរក្សា និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។

វត្ថុសិល្បៈទាំងនេះមានអាយុកាលតាំងពីសម័យមុនអង្គរ រហូតដល់សម័យរុងរឿងនៃចក្រភពអង្គរ មាន ជាអាទិ៍ បដិមាដ៏ល្អឯកសាងពីថ្មភក់ និងលោហធាតុ ព្រមទាំងវត្ថុប្រើប្រាស់ក្នុងកិច្ចពិធីផ្សេងៗ។ ក្នុងចំណោមវត្ថុ សំខាន់ៗទាំងនេះ មានបដិមាដ៏ពិចិត្រចំនួន២ សាងពីថ្មភក់នាដើមសម័យអង្គរស្ថិតក្នុងរវាង៥០ឆ្នាំដំបូងនៃសតវត្ស ទី៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ ដែលលោក ឡាចហ្វដ បានអះអាងថាមានប្រភពដើមមកពីភ្នំគូលែន។ បដិមាទេពប្រុសនិងទេពស្រីទាំង២នេះ ត្រូវបានចាត់ទុកជាស្នាដៃសិល្បៈគំរូមួយ ដែលត្រូវបានសាងក្នុង ដំណាក់កាលដំបូងនៃការបង្កើតចក្រភពអង្គរ ហើយជាញឹកញាប់ត្រូវបានគេហៅថា “បដិមាមួយគូ”។ ជាមួយគ្នានេះ ផ្អែកតាមភស្តុតាងនានាបញ្ជាក់ថា បដិមាទេពស្រី ជាវត្ថុបុរាណដ៏កម្រមួយនៃរចនាបថគូលែន។ ក្រៅពីនេះ មាន ព្រះសិរ្សព្រះព្រហ្ម សាងពីថ្មភក់ និងបដិមាយក្ស (រាក្ស័ស) មកពីតំបន់ប្រាសាទកោះកេរ។ ព្រះសិរ្សព្រះព្រហ្ម ដែលមានទម្រង់ព្រះភក្ត្រស្ងប់ និងពោរពេញដោយអំណាច ដើមឡើយជាប់ជាមួយនឹងដងខ្លួនស្ថិតក្នុងប្រាសាទ ធំមួយ ដែលបង្ហាញពីទស្សនៈលោកធាតុ និងភាពប្រណិតនៃរចនាបថកោះកេរ។ វត្ថុពិចិត្រមួយទៀតនោះគឺ បដិមាសំរិទ្ធរចនាបថបាខែង ដែលជាស្នាដៃឯកបង្ហាញពីការវិវត្តផ្នែកបដិមាសាស្ត្រនាដើមសម័យអង្គរ។

វត្ថុទាំង៧៤នេះ ពុំមែនគ្រាន់តែជាស្នាដៃសិល្បៈទេ តែជាសាក្សីរស់នៃបញ្ញាញាណនិងទេពកោសល្យ របស់បុព្វបុរស និងដួងព្រលឹងនៃអារ្យធម៌ខ្មែរ។ អស់ជាច្រើនទសវត្សរ៍កន្លងមក រតនវត្ថុជាច្រើនបានឃ្លាត ចាកឆ្ងាយពីមាតុភូមិក្នុងអំឡុងពេលសង្គ្រាម និងចលាចលក្នុងប្រទេស។ ការវិលត្រឡប់មកវិញនៃរតនវត្ថុទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរកយុត្តិធម៌សម្រាប់មរតកវប្បធម៌របស់ខ្លួន និងបញ្ជូនសារយ៉ាងច្បាស់ទៅកាន់សកលលោកថា ប្រជាជនកម្ពុជាបន្តរួមគ្នាជាធ្លុងមួយក្នុងការការពារថែរក្សាសម្បត្តិវប្បធម៌ជាតិ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួន ក្នុងការ ថែរក្សាការពារ និងលើកស្ទួយបេតិកភណ្ឌវប្បធម៌បុរាណសម្រាប់មនុស្សជំនាន់ក្រោយ និងសម្រាប់មនុស្សជាតិ ទាំងមូល។

ការបញ្ជូនមកវិញនូវវត្ថុដ៏ច្រើនកាន់កាប់ដោយលោក ឡាចហ្វដ នាពេលនេះ សបញ្ជាក់ពីកិច្ចខិតខំ ប្រឹងប្រែងជាប្រចាំរបស់កម្ពុជាដោយការព្យាយាម និងទំនួលខុសត្រូវ។ កម្ពុជាសូមបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ធ្វើការដោយភាពស្មោះត្រង់ជាមួយអ្នកកាន់កាប់សមុច្ច័យឯកជន ស្ថាប័ន និងរដ្ឋាភិបាលនានាជុំវិញពិភពលោក ដើម្បីធានាថា មរតកវប្បធម៌ខ្មែរជាទីសក្ការៈត្រូវបានវិលត្រឡប់មកកាន់ប្រទេសដើមវិញ។ រាល់ការវិលត្រឡប់ មកវិញនៃសម្បត្តិវប្បធម៌ជាតិ គឺមានអត្ថន័យដ៏ជ្រាលជ្រៅក្នុងការព្យាបាលរបួសផ្លូវចិត្ត និងការស្ដារឡើងវិញនូវ វប្បធម៌ជាតិ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងនយោបាយ ឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងស្ថិរភាព ដែលបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការទាមទារ ត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលបានរសាត់ចាកចេញពីមាតុភូមិ ក្នុងអំឡុងពេលសង្គ្រាម។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់សមត្ថកិច្ចអង់គ្លេស ដូចជា៖ អង្គភាពសិល្បៈនិងវត្ថុបុរាណនៃស្កុតលែនយ៉ាដ(Art & Antiques Unit_of_Scotland Yard), ក្រុមការងារប្រឆាំងឧក្រិដ្ឋកម្មបេតិកភណ្ឌ, អង្គភាពសន្តិសុខនិងគ្រប់គ្រងព្រំដែន(OSCE Heritage Crime Task Force, Border Security and Management Unit, Transnational
Threats Department) ស្ថានទូតអង់គ្លេសនៅភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធទាំងនៅបរទេស និងនៅកម្ពុជា។ ជាពិសេស ក្រុមការងារបុរាណវិទ្យានិងស្រាវជ្រាវនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំពោះការងារប្រកបដោយ វិជ្ជាជីវៈ ការព្យាយាម និងការប្រឹងប្រែងស្រាវជ្រាវ និងទាមទារយកមកវិញនូវរតនសម្បត្តិដែលមិនអាចកាត់ថ្ល បានទាំងនេះ។

ជាចុងក្រោយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមថ្លែងអំណរគុណជាពិសេសចំពោះលោក Bradley J.Gordon នៃក្រុមហ៊ុន Edenbridge Asia ទីប្រឹក្សាផ្នែកច្បាប់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ Steven Heimberg is Stalwart Law Group Malina Antoniadis is NOSTOS Stragegies ដែលបានជួយសម្របសម្រួលក្នុងដំណើរការដឹកបញ្ជូនវត្ថុទាំងនេះត្រឡប់មកកម្ពុជាវិញ និងសូមថ្លែងអំណរគុណ ផងដែរដល់ក្រុមហ៊ុន ជីប ម៉ុង គ្រុប, ធនាគារកាណាឌីយ៉ា, ព្រមទាំងតារាចម្រៀង លោក ងួន ចាន់ដេវីត និង លោកស្រី ទេព បូព្រឹក្ស ដែលបានចូលរួមបរិច្ចាគថវិកា ដើម្បីជួយបំពេញការចំណាយលើការដឹកជញ្ជូនត្រឡប់ មកកម្ពុជាវិញនូវរតនវត្ថុនៃបេតិកភណ្ឌវប្បធម៌ខ្មែរដ៏មានតម្លៃមហាសាល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×