ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹង ស្តីពីការហ៊ុមព័ទ្ធរបង ហាមចូលទីតាំងសំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីបង្ការនិងបញ្ចៀសគ្រោះថ្នាក់ ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ដ. ន. ស.) សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ប្រើប្រាស់ និងអាស្រ័យផលក្នុងអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ដែលមានទីតាំង ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្រសួង ដ. ន. ស. នឹងធ្វើការរៀបចំហ៊ុមព័ទ្ធរបង ហាមចូលទីតាំងសំណង់អគារនេះ គិតចាប់ពីថ្ងៃចេញសេចក្តី ជូនដំណឹងនេះតទៅ។ ការហ៊ុមព័ទ្ធនេះ ជាសារជូនដំណឹងដល់សាធារណជន ដើម្បីបង្ការនិងបញ្ចៀសគ្រោះថ្នាក់ ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋ។ កន្លងមក ក្រសួង ដ. ន. ស. បានរៀបចំក្រុមការងារសហការជាមួយ រដ្ឋបាលសង្កាត់ផ្សារថ្មីទី៣ ចុះពិនិត្យ វាស់វែង និងកំណត់អត្តសញ្ញាណកម្មបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលក្នុងអគារសាលាបឋមសិក្សាបដិវត្តន៍ រួចហើយ។
ក្នុងន័យនេះ ដើម្បីឱ្យការហ៊ុមព័ទ្ធរបង ហាមចូលទីតាំងសំណង់អគារនេះ អាចដំណើរការទៅបានរលូន តាមផែនការដែលបានគ្រោងទុក ក្រសួង ដ. ន. ស. បានរៀបចំក្រុមការងារសហការជាមួយរដ្ឋបាលសង្កាត់ ផ្សារថ្មីទី៣ ដើម្បីចុះពិនិត្យដោះស្រាយផលប៉ះពាល់នានា ជាមួយបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ មុននឹងធ្វើការ ហ៊ុមព័ទ្ធទីតាំងអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ មានទីតាំងស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ៕រក្សាសិទ្ធដោយ៖សុទ្ធលី





