Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលបានបដិសេធ សំណើសុំដោះលែងឱ្យមានសេរីភាព សម្រាប់សកម្មជនមាតាធម្មជាតិចំនួនប្រាំនាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នេះ តុលាការកំពូលបានបដិសេធសំណើសុំដោះលែងឱ្យមានសេរីភាព សម្រាប់សកម្មជនមាតាធម្មជាតិចំនួនប្រាំនាក់ រួមមានលោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និង លោក យឹម លាងហ៊ី ដែលនាំឱ្យពួកគេត្រូវបន្តជាប់ពន្ធនាគារ។ ត្រឹមថ្ងៃនេះ អ្នកការពារបរិស្ថានទាំងប្រាំរូបបានឃ្លាតពីក្រុមគ្រួសារ និងបែកឆ្ងាយពីគ្នាអស់រយៈពេល ៦០៨ មកហើយ។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។

នៅព្រឹកនេះ មានតែលោក ថុន រដ្ឋា ម្នាក់ប៉ុណ្ណោះដែលមានវត្តមានពេញលេញនៅពេលប្រកាសសាលដីកា ចំណែកលោក យីម លាងហ៊ី ត្រូវបាននាំមកដល់បន្ទប់សវនាការនៅពេលចៅក្រមកំពុងអានសេចក្ដីសម្រេច រីឯកញ្ញា ភួន កែវរស្មី មិនអាចចូលរួមស្ដាប់សេចក្ដីសម្រេចនោះទេ ត្រូវបាននាំមកដល់តុលាការបន្ទាប់ពីការប្រកាសសាលដីកាត្រូវបានបញ្ចប់។ កញ្ញា ឡុង គន្ធា និងលោក លី ចាន់ដារ៉ាវុត មិនត្រូវបាននាំមកកាន់តុលាការទេ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សូមគាំទ្រដល់ការអំពាវនាវរបស់អ្នកស្រី ម៉ារី ឡល័រ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់អ្នកការពារសិទ្ធិមនុស្ស ដែលស្នើឱ្យដោះលែងសកម្មជនទាំងនេះនាពេលថ្មីៗនេះ។
អ្នកទាំងប្រាំត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នៅពេលដែលពួកគេត្រូវបានកាត់ទោសពីបទ រួមគំនិតក្បត់ ចំណែកឯលោក យីម លាងហ៊ី ត្រូវបានកាត់ទោសបន្ថែមជាមួយនឹងបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ។ ពួកគេត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលពី ៦ ឆ្នាំទៅ ៨ ឆ្នាំ។ កាលបរិច្ឆេទសវនាការលើបណ្ដឹងឧទ្ធរណ៍របស់ពួកគេនៅមិនទាន់បានកំណត់នៅឡើយ តាំងពីត្រូវបានលើកពេលម្ដងកាលពីខែមិថុនា ឆ្នាំ២០២៥ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×