ខេត្តស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងព្រឹកថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៨បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់គម្រោងព្យាបាល របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការ ខេមបូឌាវីសិន (អូស្ត្រាលី) ដែលដឹកនាំ ដោយលោក ជេក ម៉េងលី រួមជាមួយ ទី១ មូលនិធិសមធម៌ក្នុងការបង់ថ្លៃសេវាជួសជូនអ្នកជម្ងឺក្រីក្រសម្រាកពេទ្យ ទី២ អង្គការ Eye care Foundation ទី៣ អង្គការCHC ទី៤ អង្គការដើមត្នោត និង Marie Stop ទី៥ អង្គការ Operation Smile និង ទី៦ អង្គការ JICA ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងគម្រោងនេះដោយ ឥតគិតថ្លៃ ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង កំពុងតែមានការខ្វះខាត ។
លោកស្រីបានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកស្រីបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធគម្រោងព្យាបាលភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែន និងជម្ងឺ គ-ថ្លង់ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការខេមបូឌាវីសិន (អូស្ត្រាលី) ដែលមានអ្នកជំងឺបានទទួលការព្យាបាលប្រមាណ ១.២០០នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដោយឥតគិតថ្លៃ ។
ឆ្លៀតក្នុងឱកាសនោះលោកស្រីម៉ែន សំអនក៏បានមានប្រសាសន៍បន្តទៀតថាៈ សកម្មភាពមនុស្សធម៌នេះពិតជាមានតម្លៃណាស់ ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី បានរួមគ្នាបង្កើតជាក្រុមមួយស្រាប់ធ្វើការងារមនុស្សធម៌នេះ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ។
ទន្ទឹមនឹងនោះលោកស្រី ក៏បានថ្លែងអំណរគុណដល់បណ្ដាកិច្ចសហប្រតិបត្តិការនានា ជាមួយដៃគូអភិវឌ្ឍន៍ និងការជួយគាំទ្រពីអង្គការដៃគូរផ្សេងៗទៀតដូចជា ៖
ទី១៖ មូលនិធិសមធម៌ក្នុងការបង់ថ្លៃសេវាជួសជូនអ្នកជម្ងឺក្រីក្រសម្រាកពេទ្យ អង្គការ Eye care Foundation បង់ជួសអ្នកជម្ងឺក្រីក្រ វះកាត់ភ្នែកឡើងបាយ ។
ទី២៖ អង្គការCHC ជួយដល់ផ្នែកជម្ងឺរបេង-អេដស៍ ។
ទី៣៖ អង្គការដើមត្នោត និងMarie Stop ជួយកម្មវិធីពន្យាកំណើត ។
ទី៤៖ អង្គការ Operation Smile ជួយវះកាត់មាត់ឆែបក្រអូមមាត់ឆែប ។
ទី៥៖ អង្គការJICA បានធ្វើការសាងសង់អគារ ១ខ្នង កំពស់៣ជាន់ចំណាយថវិកាជាង៩លានដុល្លារអាមេរិក និងបានជួយផ្នែកថែទាំសុខភាពមាតា និងការជួយសង្គ្រោះទារក និងកុមារ ការបណ្តុះបណ្តាលមួយចំនួន។
៦៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលបានបរិច្ចាកឈាមជូនដល់មន្ទីរពេទ្យខេត្តរៀងរាល់៣ខែម្តង។
លោកស្រី ម៉ែន សំអន ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវខិតខំបង្កើនការយកចិត្តទុកដាក់ផ្តល់ការថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជាប្រចាំ ប្រកបដោយគុណភាព និងត្រូវពង្រឹងការផ្តល់សេវាជាប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។ ក្នុងនោះ ត្រូវពង្រឹងការគោរពក្រមសីលធម៍វិជ្ជាជីវៈឱ្យបានល្អប្រសើរ និងមានឥរិយាបទរាក់ទាក់ និងទន់ភ្លន់សុភាពរាបសា រាល់ពេលផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយមិនត្រូវរើសអើង ឬប្រកាន់វណ្ណៈឡើយ គឺធ្វើយ៉ាងណា ផ្តល់សេវាព្យាបាលប្រកបដោយគុណភាព និងតម្លាភាព។
ម្យ៉ាងទៀត ត្រូវពង្រឹងការងារអប់រំសុខភាព ជាពិសេសពន្យល់ និងណែនាំអ្នកជំងឺឱ្យបានច្បាស់លាស់ក្នុងពេលថែទាំ និងព្យាបាលជំងឺ ព្រមទាំងពង្រឹងបន្ថែមការធ្វើអនាម័យ នៅតាមមូលដ្ឋានសុខាភិបាលឱ្យបានល្អប្រសើរ និងត្រូវយកចិត្តទុកដាក់ការត្រួតពិនិត្យការចំលងរោគនៅគ្រប់មូលដ្ឋាន សុខាភិបាលដែលជាបញ្ហាសំខាន់មួយផងដែរក្នុងវិស័យសុខាភិបាល។
លោកស្រី ម៉ែន សំអន ក៏បានសំណូមពរឲ្យ លោក ជេក ម៉េងលី បន្តដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាលនៅខេត្តស្វាយរៀងនៅគម្រោងបន្តបន្ទាប់ទៀត៕ ដោយ ៖ វ៉ៃកូ