ខេត្តកោះកុង៖ សមត្ថកិច្ចនគរបាលខេត្តកោះកុង បានឲ្យដឹងថា សាកសពយុវជនម្នាក់ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារស្វែងរកឃើញ កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១៨ បន្ទាប់ពីរូបគេ និងក្រុមគ្រួសារបាននាំគ្នាទៅកម្សាន្ត នៅទឹកធ្លាក់តាតៃ ស្ថិតក្នុងឃុំតាតៃ ស្រុកកោះកុង។
យុវជនរូបនេះ បានរអិលជើងធ្លាក់ចូលទៅក្នងទឹក ហើយត្រូវកួចយកទៅបាត់កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅគ្រាទឹកជ្រោះឬស្ទឹងកំពុងហូរខ្លាំង។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា យុវជនរងគ្រោះ មានឈ្មោះ សម្បត្តិ ចាន់ចាវ ភេទប្រុស អាយុ២៤ឆ្នាំ ទីលំភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
មន្ត្រីខេត្តកោះកុងបានឲ្យដឹងថា នៅរមណីយ៍ដ្ឋានទឹកធ្លាក់តាតៃ សព្វថ្ងៃនេះ ពុំទាន់មានសហគមន៍ទេសចរណ៍គ្រប់គ្រងនៅឡើងទេ គឺការគ្រប់គ្រងស្ថិត នៅលើអាជ្ញាធរឃុំ ដូចនេះ ភ្ញៀវទេសចរ ដែលមកលេងហាក់ដូចជាពុំទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់ ពីតំបន់នោះនៅឡើយទេ ដែលជាហេតុធ្វើឲ្យគ្រោះថ្នាក់កើតឡើងជាបន្តបន្ទាប់។
កាលពីខែមេសាកន្លងទៅ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីយ៍ខ្មែរ ក៏មានយុវតីម្នាក់ ដែលមានទីលំនៅក្នុងខេត្តព្រះសីហនុ ដែលត្រូវបានឪពុកម្តាយ នាំមកលេងកម្សាន្ត នៅទឹកជ្រោះខាងលើ រួចបានរអិលជើងធ្លាក់ចូលទៅក្នុងទឹកកួចយកទៅបាត់មួយយប់ទើបរកសាកសពឃើញ៕ ដោយ៖ ដែន សីមា