ខេត្តកំពង់ចាម:”ប្រធានមន្ទីរសុខាភិបាលខេត្តត្រូវយកចិត្តទុកដាក់ដោយរៀបចំបាញ់ថ្នាំមូសនៅមណ្ឌលកុមារកំព្រានិងវិទ្យាល័យអប់រំពិសេស ក្នុងគោលបំណងឱ្យកុមារកំព្រាកុមារពីការភ្នែកនិងគ ថ្លង់ មានសុខភាពល្អជាសផុតពីជំងឺគ្រុនឈាម។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ ដាអភិបាលខេត្តក្នុងឱកាសជួបសំណេះសំណាលនិងរៀបចំទទួលទានអាហារសាមគ្គីចំនួនជាង ៣០០នាក់ ដោយធ្វើឡើងនាពេលព្រឹកថ្ងៃទី៨មីនា ឆ្នាំ២០២៦ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ។ជាមួយនោះក៏មានការចូលរួមពីអង្គភាពពាក់ព័ន្ធជុំវិញខេត្តទៀតផង។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា:ក្រោយពីទទួលបានការណែនាំពីសម្ដេចតេជោក្នុងគ្រាដែលរូបលោកមកកាន់តំណែងជាអភិបាលខេត្តកំពង់ចាមក្នុងអំឡុងឆ្នាំ ២០១៩ គ្រានោះសម្ដេចបានឲ្យអាជ្ញាធរខេត្តត្រូវយកចិត្តទុកដាក់ដល់ក្មួយៗកុមារកំព្រាព្រមទាំងកុមារពីការភ្នែក គ ថ្លង់ ដោយធ្វើយ៉ាងណាជួយទំនុបបម្រុងដល់ពួកគាត់ឲ្យបានរៀនសូត្រចប់ចុងចប់ដើម ហើយនឹងយកចំណេះដឹងដែលចេះទាំងប៉ុន្មានទៅប្រកបរបរចិញ្ចឹមជីវិត។
ឯកឧត្តមអភិបាលខេត្តបានបន្តឲ្យដឹងទៀតថា ជាមួយនោះអាជ្ញាធរខេត្តបានណែនាំដល់ប្រធានមន្ទីរសុខាភិបាលខេត្តត្រូវតែយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាពរបស់ក្មួយៗ ធ្វើយ៉ាងណាឱ្យពួកគាត់មានសុខភាពល្អជៀសផុតពីជំងឺផ្សេងៗហើយទទួលការរៀនសូត្រដើម្បីចាប់យកចំណេះដឹង ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងសង្គម។
ជាមួយនោះតាមរយៈឯកឧត្តមហ៊ុន
ម៉ានិត ក៏បានផ្ដល់សម្ភារៈកុំព្យូទ័រដាក់នៅតាមអគារសិក្សាជាច្រើនគ្រឿងសម្រាប់ឲ្យកុមារពីការភ្នែក គ ថ្លង់ បានរៀនសូត្រទទួលបានចំណេះដឹងពិតៗ ។គួររំលឹកថាគ្រាដែលកកើតវិទ្យាល័យអប់រំពិសេសកំពង់ចាម គឺដំបូងក្រោមការជួយទំនុបបម្រុងពីឧបនាយករដ្ឋមន្ត្រីហោ ណាំហុង
និងឯកឧត្តមខៀវ កញារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមនិងលោកជំទាវតែងតែបានចុះសួរសុខទុក្ខព្រមទាំងរៀបចំផ្ដល់អាហារសាមគ្គីដល់ក្មួយៗហើយទទួលទានបានឆ្ងាញ់ដូចជាឯង។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបញ្ជាក់ថា សព្វថ្ងៃមានគ្រូស្ម័គ្រចិត្តចំនួន ៥នាក់បានកំពុងតែបង្រៀននៅវិទ្យាល័យអប់រំពិសេស ពុំទាន់ទទួលបានប្រាក់ឧបត្ថម្ភនៅឡើយទេ។ជាមួយនោះប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តត្រូវពិនិត្យមើលគ្រូទាំងប្រាំនាក់ធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានជាគ្រូជាប់កិច្ចសន្យា ទទួលបានប្រាក់ខែសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ក្រោមកិច្ចសហការជាមួយទីស្ដីការគណៈរដ្ឋមន្ត្រីក៏បានរៀបចំអាហាររូបត្ថម្ភដល់ក្មួយៗនៅសាលាគ ថ្លង់នេះ សម្រាប់អាហារពេលព្រឹក ធ្វើយ៉ាងណាឱ្យពួកគាត់មានកម្លាំងគ្រប់គ្រាន់ប្រាជ្ញាវាងវៃ ពេលគ្រូបង្រៀនអាចចាប់យកចំណេះដឹងបានចងចាំល្អ។ជាការពិតក្មួយៗ ដែលរៀនជំនាញកុំព្យូទ័រនៅវិទ្យាល័យអប់រំពិសេសនេះហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ពេលដែលត្រូវចេញទៅប្រកបការងារតាមក្រុមហ៊ុនឬស្ថាប័នណាមួយនោះយើងមានចំណេះដឹងពិតប្រាកដងាយរកការងារធ្វើបានសម្រាប់ដោះស្រាយជីវភាពក្រុមគ្រួសារ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី
















