Monday, March 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកជំទាវអគ្គលេខាធិការ Louise MUSHIKIWABO បានចុះពិនិត្យទីតាំងមួយចំនួន ដែលត្រៀមសម្រាប់ទទួលរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ Louise MUSHIKIWABO អគ្គ លេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណងជួយគាំទ្រប្រទេស កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

អំឡុងពេលទស្សនកិច្ច លោក ជំទាវអគ្គលេខាធិការ ទទួលបានការចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងបានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។

លោកជំទាវអគ្គលេខាធិការ និង ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានផ្លាស់ប្ដូរយោបល់គ្នាពីវឌ្ឍនភាព នៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និង ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការ លើកកម្ពស់តម្លៃនៃសន្តិភាព ការសន្ទនា និងសាមគ្គីភាពរបស់ហ្វ្រង់កូហ្វូនីនៅក្នុងបរិបទនៃការកើនឡើង អស្ថិរភាពភូមិសាស្ត្រនយោបាយ និងការរីករាលដាលនៃជម្លោះប្រដាប់អាវុធ។

ភាគីទាំងពីរបានបង្ហាញឆន្ទៈរួមគ្នាក្នុងការរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ ឱ្យក្លាយជា
ព្រឹត្តិការណ៍ដ៏លេចធ្លោមួយ ក្រោយពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំនៅតំបន់អាស៊ី ប៉ាស៊ីហ្វិកកាលពី២៩ឆ្នាំកន្លងទៅ។ ថ្នាក់ដឹកនាំទាំងពីរសង្ឃឹមថា ប្រមុខរដ្ឋ/រដ្ឋាភិបាលជាច្រើននឹង អញ្ជើញចូលរួមកិច្ចប្រជុំនេះ ដែលជាឱកាសល្អផងដែរសម្រាប់ស្វែងយល់ពីសម្បត្តិវប្បធម៌ និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា។

ក្នុងឱកាសទស្សនកិច្ចនៅកម្ពុជា លោកជំទាវអគ្គលេខាធិការ បានអញ្ជើញទៅទស្សនកិច្ចនៅខេត្ត សៀមរាប ដើម្បីសួរសុខទុក្ខជនភៀសសឹកចំនួន ៤១៤គ្រួសារ ក្នុងជម្រកសុវត្ថិភាពបណ្ដោះអាសន្នស្ថិត នៅបរិវេណវត្តធម្មរង្សី ភូមិសំពៅលូន ស្រុកក្រឡាញ់ ។ លោកជំទាវអគ្គលេខាធិការ ក៏បានចុះទៅទស្សនាសាលាទេសចរណ៍ Paul Dubrule ដែលទទួលជំនួយគាំទ្រពីអង្គការ OIF។ សាលានេះបានចូលរួម ចំណែកបណ្ដុះបណ្តាលផ្នែកសណ្ឋាគារ និងវិជ្ជាធ្វើម្ហូបដល់យុវជនកម្ពុជា ជាពិសេសការផ្តោតលើការ អភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។ ការវិនិយោគក្នុងវិស័យអភិវឌ្ឍន៍ជំនាញ និងការពង្រឹងសកម្មភាព យុវជន គឺជាអាទិភាពចម្បងរបស់អង្គការហ្វ្រង់កូហ្វូនី។
អំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកជំទាវអគ្គលេខាធិការ ក៏បានចុះពិនិត្យទីតាំងមួយចំនួន ដែលត្រៀមសម្រាប់ទទួលរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ និងព្រឹត្តិការណ៍អមសំខាន់ៗ ដូចជា «ភូមិហ្វ្រង់កូហ្វូនី» និង«ហ្រ្វង់កូតិច» ជាដើម៕រក្សាសិទ្ធដោយ៖សុទ្ធលី

×