ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម កាន់ ផារិទ្ធ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារលើកទី១០ នៃសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសអាស៊ីបូព៌ាសម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន (CEAPAD) តាមប្រព័ន្ធវីដេអូ ដែលមានជប៉ុន និងប៉ាឡេស្ទីនជាសហប្រធាន។
កិច្ចប្រជុំបានផ្តោតសំខាន់លើវឌ្ឍនភាពដែលប្រទេសជាសមាជិកសម្រេចបានក្នុងការអនុវត្តផែនការសកម្មភាព CEAPAD IV ទីក្រុងគូឡាឡាំពួ(CEAPAD IV Kuala Lumpur Action Plan) បន្ទាប់ពីត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៤ កាលពីខែកក្កដា ឆ្នាំ២០២៥ និងបានពិភាក្សាក្នុងការស្វែងរកវិធីពង្រឹងការរួមចំណែកបន្ថែមទៀតដល់ដំណើរការកសាងឡើងវិញនៅតំបន់ហ្គាហ្សា និងអនាគតរបស់ CEAPAD។
ក្នុងឱកាសនោះ ឯកឧត្តម កាន់ ផារិទ្ធ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋជាសមាជិក CEAPAD និងដៃគូនានាក្នុងការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន រួមមានជំនួយមនុស្សធម៌ និងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនៅតំបន់ហ្គាហ្សា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានធ្វើបច្ចុប្បន្នភាពជូនអង្គប្រជុំពីការរួមចំណែករបស់កម្ពុជាចាប់តាំងពីក្លាយជាសមាជិកCEAPAD កាលពីខែកក្កដា ឆ្នាំ២០២៤ ដែលរួមមានការរួមចំណែកផ្នែកហិរញ្ញវត្ថុសម្រាប់ជំនួយបន្ទាន់ និងការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការត្រីភាគី៕ រក្សាសិទ្ធដោយ៖សុទ្ធលី





