Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​មាន​តួនាទី​ជា​អនុប្រធាន​នៃ​មហាសន្និបាត , សម្តេច​តេជោ ដឹកនាំ​គណៈប្រតិភូ ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៣

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​ខាង​មុខ​នេះ សម្តេច​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​ចូលរួម​មហាសន្និបាត អង្គការ សហប្រជាជាតិ (UN) លើក​ទី​៧៣ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ផ្លូវការ​ថា ក្នុង​កិច្ចប្រជុំ​នោះ​កម្ពុជា មាន​តួនាទី​យ៉ាងសំខាន់ គឺ​ជា​អនុប្រធាន​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ទៀតផង​។​

ក្នុងឱកាស​ដែល​សម្តេច​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​អាមេរិក​នោះ សម្តេច​នឹង​ឆ្លៀតពេល​ជួប​សំណេះសំណាល សួរសុខទុក្ខ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង ដែល​កំពុង​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា “​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​កញ្ញា​ខាង​មុខ​នេះ ខ្ញុំ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើ​ក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UN) ដែល​កម្ពុជា​មាន​តួនាទី​ដ៏​សំខាន់ ជា​អនុប្រធាន​នៃ​មហា សន្និបាត (Vice President of the 73rd Session of the UN General Assembly 2018-2019) នៅ​ទីក្រុង​ញ៉ូវ​យ៉​ក សហរដ្ឋអាមេរិក (New York, USA)​។ ក្នុងពេល​ស្នាក់នៅ​ទីនោះ ខ្ញុំ​នឹង​ឆ្លៀត​ពេល​ជួប​សំណេះសំណាល សួរសុខទុក្ខ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង ដែល​កំពុង​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផង​ដែរ​។ ទោះ​បី​រស់នៅ​ទី​ណាក៏ដោយ គឺ​បងប្អូន​ជា​មហា​គ្រួសារ​ខ្មែរ តែ​មួយ​របស់​កម្ពុជា​។ ខ្ញុំ​សូម​ផ្តាំផ្ញើ​សួរសុខទុក្ខ​បងប្អូន​ខ្មែរ​-​អាមេរិកាំង​នៅ​គ្រប់​រដ្ឋ​ទាំងអស់ និង​សូម​អរគុណ​ក្មួយៗ និង​បងប្អូន​ដែល​កំពុង​ត្រៀមខ្លួន មក​ទទួល​ស្វាគមន៍​ខ្ញុំ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង ក្នុង​និង​ក្រៅ​ប្រទេស​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​”​។​

​សូមជម្រាបថា សម្តេច​តេជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចូលរួម​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់ ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨៕ ដោយ​៖​កូឡាប​

 

×