ភ្នំពេញ ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអះអាងថា ក្រសួងពាណិជ្ជកម្មនឹងសហការជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីចុះធ្វើអធិការកិច្ចនៅតាមស្ថានីយប្រេងឥន្ធនៈទាំងអស់។ ក្នុងករណីរកឃើញថាមានជនខិលខូចណាឆ្លៀតឱកាស មានចេតនាមិនបញ្ចេញស្តុកប្រេងដែលនៅសល់ ដើម្បីទុកលក់ក្នុងតម្លៃខ្ពស់ សំដៅស្វែងរកផលចំណេញហួសហេតុនោះ នឹងត្រូវប្រឈមមុខនឹងវិធានការដកអាជ្ញាប័ណ្ណអាជីវកម្មជាដាច់ខាត។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍លើកឡើងបែបនេះនៅក្នុងសិក្ខាសាលាសភា ស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» នៅវិមានរដ្ឋសភា នាថ្ងៃទី១២ ខែមីនា ។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអះអាងថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា អាចនឹងចុះថ្លៃនៅយប់ថ្ងៃទី១២ ខែមីនានេះ។ ព័ត៌មានស្តីពីការចុះថ្លៃប្រេងឥន្ធនៈនេះ គឺជាដំណឹងដ៏រីករាយសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលជាអ្នកប្រើប្រាស់ ខណៈស្ថានភាពតម្លៃប្រេងលើទីផ្សារពិភពលោកកំពុងមានការរំជើបរំជួល ដោយសារឥទ្ធិពលនៃសង្គ្រាមនៅតំបន់ដើមបូព៌ា។
ក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រី បានជម្រាបជូនដល់អង្គសិក្ខសាលាអំពីវឌ្ឍនភាពការងារពាណិជ្ជកម្ម និងវិធានការចាំបាច់នានាក្នុងការលើកកម្ពស់ប្រសិទ្ធភាពនិងភាពប្រកួតប្រជែងពាណិជ្ជកម្ម និងកែលម្អបរិស្ថានវិនិយោគ ដើម្បីទាក់ទាញវិនិយោគនិងធុរកិច្ចបន្ថែម សំដៅការពារស្ថិរភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងធានានិរន្តរភាពនៃការអភិវឌ្ឍ។
សូមបញ្ជាក់ថា នៅកម្ពុជា តម្លៃប្រេងសាំងធម្មតាគឺ ៥,២០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៦,០៥០រៀលក្នុងមួយលីត្រ (គិតត្រឹមព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦)៕ រក្សាសិទ្ធដោយ៖សុទ្ធលី






