Friday, March 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Grab ដាក់ចេញវិធានការគាំទ្រសម្រាប់ដៃគូបើកបរ ខណៈពេលមានការកើនឡើងនៃតម្លៃឧស្ម័ន LPG និងប្រេងឥន្ធនៈ

ភ្នំពេញ, កម្ពុជា – ថ្ងៃទី ១៣ ខែមិនា ឆ្នាំ ២០២៦ – នៅពេលដែលទីផ្សារថាមពលសកលបន្តប្រែប្រួល តម្លៃនៃការធ្វើដំណើររៀងរាល់គីឡូម៉ែត្រ ក្នុងការធ្វើដំណើរ បានកើនឡើងយ៉ាងខ្លាំងសម្រាប់ដៃគូបើកបរឯករាជ្យរាប់ពាន់នាក់ ដែលកំពុងបំពេញការងារក្នុងសហគមន៍របស់យើង។ Grab ប្រកាសពីការ កែសម្រួលជាបណ្តោះអាសន្នចំពោះតម្លៃសេវា និងដាក់ចេញនូវកម្មវិធីផ្តល់ប្រាក់លើកទឹកចិត្តបន្ថែមថ្មីដល់ដៃគូបើកបរ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

ការកើនឡើងនៃតម្លៃឧស្ម័ន LPG និងប្រេងសាំងនាពេលថ្មីៗនេះ បានដាក់បន្ទុកហិរញ្ញវត្ថុភ្លាមៗដល់ដៃគូរបើកបរឯករាជ្យ ដែលជាអ្នកបម្រើការផ្ទាល់ក្នុងវិស័យ ដឹកជញ្ជូន។ ដើម្បីធានាថា ការបើកបរនៅតែជាមធ្យោបាយប្រកបដោយនិរន្តរភាពក្នុងការរកប្រាក់ចិញ្ចឹមជីវិត Grabកំពុងអនុវត្តយុទ្ធសាស្ត្រគាំទ្រពីរចំណុច៖

  1. ការឧបត្ថម្ភធនដោយផ្ទាល់ដល់ដៃគូបើកបរ៖ Grab ដាក់ចេញនូវកម្មវិធីផ្តល់ប្រាក់លើកទឹកចិត្តបន្ថែម សម្រាប់រាល់ការដឹក ដែលបានបញ្ចប់ជាស្ថាពរ ដោយបង់ប្រាក់នោះផ្ទាល់ទៅអ្នកបើកបរ ដើម្បីជួយទូទាត់ការចំណាយលើប្រេងឥន្ធនៈដែលកើនឡើង។
  2. ការកែតម្រូវប្រព័ន្ធដែលមានតុល្យភាព៖ ការកែសម្រួលប្រព័ន្ធបន្តិចបន្តួចជាបណ្តោះអាសន្ន ដើម្បីកំណត់តម្លៃបែបចម្រុះ (dynamic pricing) នឹងអនុញ្ញាតឱ្យប្រព័ន្ធស្វ័យប្រវត្តិ ផ្លាស់ប្តូរតម្លៃស្របតាមការផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ច។

លោក កង សុវណ្ណារ៉ូត (Mike) នាយកគ្រប់គ្រង Grab ប្រចាំប្រទេស កម្ពុជា និង មីយ៉ាន់ម៉ា មានប្រសាសន៍ថា៖ “ដៃគូបើកបរ គឺជាចង្វាក់បេះដូងនៃសេវាកម្ម របស់យើង។ នៅពេលដែលតម្លៃប្រេងឥន្ធនៈកើនឡើង វាធ្វើអោយប៉ះពាល់ដោយផ្ទាល់ទៅនឹងប្រាក់ចំណូលរបស់ពួកគាត់ ដែលជាអ្នកដឹកអតិថិជន ធ្វើការ ទៅសាលារៀន និងទៅផ្ទះដោយសុវត្ថិភាព។ យើងជឿជាក់ថាអតិថិជនរបស់យើងទាំងអស់គ្នាយល់ស្របថា ដើម្បីឱ្យកង់យានយន្តបន្តវិលបាន យេីងត្រូវតែរួមគ្នាលេីកទឹកចិត្តដៃគូបើកបររបស់យើង”

ហេតុអ្វីបានជាបញ្ហានេះសំខាន់សម្រាប់អតិថិជនដូចអ្នក?

ខណៈពេលដែលការផ្លាស់ប្តូរនូវតម្លៃប្រេងឥន្ធនៈនេះកើតឡើង វាអាចបណ្តាលឱ្យមានការកែសម្រួលតិចតួចចំពោះថ្លៃធ្វើដំណើរក្នុងអំឡុងពេល ម៉ោងដែល មានចរាចរណ៍មមាញឹក ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងដើម្បីធានាបាននូវការផ្គត់ផ្គងសេវាកម្មអោយបានគ្រប់គ្រាន់។ តាមរយៈការគាំទ្រនូវប្រាក់ ចំណូលរបស់ដៃគូបើកបរ Grab ធានាថា:

  1. មានដៃគូបើកបរនៅតាមផ្លូវ ដែលនឹងរក្សាពេលវេលារង់ចាំខ្លី។
  2. ស្តង់ដារសុវត្ថិភាពនៅតែមានមានភាពល្អប្រសើរ។
  3. ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានការពារ ដោយការគាំទ្រដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ អោយកាន់តែទូលំទូលាយ ។

ការសម្លឹងមើលទៅមុខ

Grab នឹងបន្តតាមដាននិន្នាការតម្លៃប្រេងឥន្ធនៈយ៉ាងដិតដល់។ វិធានការទាំងនេះគឺដាក់ចេញជាបណ្តោះអាសន្ន និងមានបំណងដោះស្រាយភាពចន្លោះប្រហោង ក្នុងអំឡុងពេលដ៏លំបាកនេះ។ យើងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ការដឹកជញ្ជូនដែលមានតម្លៃសមរម្យ និងបន្តនៅជាដៃគូដែលមានទំនួលខុសត្រូវចំពោះ ដៃគូរបើកបរ របស់យើង។

អំពីក្រុមហ៊ុន Grab៖
Grab គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានកម្មវិធីស្មាតហ្វូនទំនើបឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រតិបត្តិការក្នុងវិស័យការដឹកជញ្ជូន ការធ្វើដំណើរ និងសេវាកម្មហិរញ្ញវត្ថុឌីជីថល។ ដោយមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី ក្រុមហ៊ុន Grab បម្រើសេវាកម្មជាង ៨០០ ទីក្រុង នៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ Grab អនុញ្ញាតឱ្យមនុស្សរាប់លាននាក់អាចបញ្ជាទិញអាហារ ឬគ្រឿងទេស ផ្ញើកញ្ចប់ឥវ៉ាន់ កក់រថយន្ត ឬតាក់ស៊ី ទូទាត់ការទិញទំនិញតាមអ៊ីនធឺណិត ឬចូលប្រើសេវាកម្មដូចជាការខ្ចីប្រាក់ និងធានារ៉ាប់រង ជារៀងរាល់ថ្ងៃតាមរយៈកម្មវិធីappតែមួយ។ Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ2012 ដោយមានបេសកកម្មដើម្បី ជំរុញតំបន់អាស៊ីអាគ្នេយ៍ឆ្ពោះទៅមុខ ដោយបង្កើនលទ្ធភាពសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់គ្នា។ Grab ខិតខំបម្រើសេវាកម្ម ដោយផ្តោតលើគោលការណ៍សំខាន់ៗបីយ៉ាង ក្នុងគោលបំណងផ្តល់ផលហិរញ្ញវត្ថុក្នុងពេលដំណាលគ្នាសម្រាប់ម្ចាស់ភាគហ៊ុន ផ្តល់ផលវិជ្ជមានដល់សង្គម រួមទាំងការពង្រឹងផ្នែកសេដ្ឋកិច្ចសម្រាប់ប្រជាជនរាប់លាននាក់នៅក្នុងតំបន់ និង ការរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ។

×