ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា ក្នុងរយៈពេលដែលលោក ស្យង់ ព័រ បំពេញបេសកកម្មនៅកម្ពុជា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានកើនឡើងលើគ្របវិស័យ។ ពាណិជ្ជកម្ម បានកើនឡើង៥,៨ប៊ីលានដុល្លារ ក្នុងឆ្នាំ២០១៧ ចំណែកឯវិនិយោគក្នុងរយៈពេល៧ខែ ឆ្នាំ២០១៨នេះ មានចំនួន២,១ប៊ីលានដុល្លារ ជាពិសេសលើវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដំណើរភ្ញៀវទេសចរចិន បានមកទស្សនាកម្ពុជា ក្នុងឆ្នាំ២០១៧ មានចំនួន១,២លាននាក់។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យលោក ស្យង់ ព័រ ឯកអគ្គរដ្ឋទូតចិន ផុតអាណត្តិ ចូលជួបសម្តែងការគួរសម ជម្រាបលា នៅវិមានមិត្តភាព។
នៅក្នុងជំនួបនេះលោក ស្យង់ ព័រ បានលើកឡើងថា ក្នុងអាណត្តិរយៈពេល២ឆ្នាំ របស់លោកនៅកម្ពុជា លោកបានមើលឃើញពីភាព រីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសលោកពេញចិត្តយ៉ាងខ្លាំងណាស់ ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា។
លោក ស្យង់ ព័រ បានបញ្ជាក់ថា ទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន មានការរីកចម្រើនយ៉ាងខ្លាំង ទាំងអស់ លើគ្រប់វិស័យ ហើយរដ្ឋាភិបាលចិន និងបន្តប្តេជ្ញាចិត្តគាំទ្រកម្ពុជា ឱ្យមានការអភិវឌ្ឍរីកចម្រើន ឱ្យកាន់តែធំធេង បន្ថែមទៀត។
ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងរយៈពេលដែលលោក ស្យង់ ព័រ បំពេញបេសកកម្មជាអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកបានខិតខំពង្រឹងពង្រីកវិសាលភាពនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បញ្ជាក់ថា ទន្ទឹមនឹងនេះ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ក៏បានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែខ្លាំងឡើងថែមទៀត ដូចជាការកសាងអាកាសយានដ្ឋានថ្មី នៅខេត្តសៀមរាប និងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ជាដើម ជាពិសេសទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន មានទិដ្ឋភាពធំធេងណាស់ដូចជា៖ ទ្វេរភាគី ខ្សែក្រវ៉ាត់ និងផ្លូវ មេគង្គ-ឡាងឆាង និងអាស៊ាន-ចិន៕ ដោយ៖បញ្ញាស័ក្តិ