នាថ្ងៃទី១០-១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការ ដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីជំនាញនៃគម្រោងពង្រឹងសមត្ថភាពសម្របសម្រួលការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា (SF-CLIP) មន្ត្រីជំនាញនៃគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិនៅព្រះរាជាណាចក្រកម្ពុជា (3CEP) និងដែលមានការចូលរួមពី JICA Expert បានអញ្ជើញចុះទស្សនកិច្ចសិក្សានៅច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai និង Kim Thanh (វៀតណាម-ចិន) ដែលជាច្រកទ្វារសេដ្ឋកិច្ចដ៏មមាញឹកមួយ តភ្ជាប់មកកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដែលគាំទ្រយ៉ាងសកម្មដល់សកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ផលិតកម្មរោងចក្រក្នុងតំបន់។
គោលបំណងសំខាន់នៃទស្សនកិច្ចគឺសិក្សាស្វែងយល់ពីឧត្តមមានុវត្តន៍ ប្លង់វិស្វកម្មលម្អិត នីតិវិធី និងយន្តការសម្របសម្រួលប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែននូវទំនិញ និងអ្នកដំណើរ រវាងវៀតណាម និងសាធារណរដ្ឋប្រជាមានិតចិន។
ជាលទ្ធផល ប្រតិភូក្រសួងបានធ្វើដំណើរទស្សនកិច្ច ចុះពិនិត្យ និងអង្កេតផ្ទាល់នៅទីតាំងសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
- ថ្ងៃទី១០ ខែមីនា បានចុះទៅដល់ច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai (ស្ពានឆ្លងកាត់ Lao Cai និងការិយាល័យរដ្ឋបាលនៃច្រកទ្វារអន្តរជាតិ Lao Cai) និងច្រកទ្វារ Kim Thanh (ស្ពានឆ្លងកាត់ព្រំដែន Kim Thanh) និងក៏បានស្តាប់បទបង្ហាញផងដែរ អំពីយន្តការរដ្ឋបាលគ្រប់គ្រងច្រកទ្វារ ការរៀបចំបញ្ជរត្រួតពិនិត្យរួម (Single Windows Inspection) ផែនការវិនិយោគនិងការចូលរួមពីផ្នែកឯកជន គម្រោងត្រួតពិនិត្យឆ្លាតវៃ (SMART checkpoint/clearance) យន្តការគ្រប់គ្រង និងអភិវឌ្ឍច្រកទ្វារដែលស្ថិតក្នុងខេត្ត Lao Cai តែមួយ ការអភិវឌ្ឍរបៀងដឹកជញ្ជូន ការអភិវឌ្ឍមណ្ឌលភស្តុភារកម្ម ។ល។ បន្ថែមពីនេះ ច្រកទ្វារ Lao Cai ត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនអ្នកដំណើរ និងច្រកទ្វារ Kim Thanh ត្រូវបានប្រើប្រាស់សម្រាប់ដឹកជញ្ជូនទំនិញ
- ថ្ងៃទី១១ ខែមីនា បានចុះទៅដល់តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai ដែលច្រកទ្វារ Lao Cai អាចត្រូវបានអនុវត្តនីតិវិធីឆ្លងកាត់គយ (Customs Clearance) ដោយបណ្ដាតំបន់សេដ្ឋកិច្ចពិសេសច្រកទ្វារព្រំដែនជាច្រើន ដែលស្ថិតនៅក្បែរច្រកទ្វារ Lao Cai ដើម្បីកាត់បន្ថយការកកស្ទះ
-ថ្ងៃទី១២ ខែមីនា បានចុះទៅដល់ Inland Container Depot (ICD) សម្រាប់ផ្ទេរទំនិញចេញ-ចូលច្រកទ្វារ Lao Cai និងទៅដល់ស្ថានីយរថភ្លើង Lao Cai ដែលជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវដែក តភ្ជាប់ពីតំបន់ច្រកទ្វារព្រំដែន មកកាន់ទីប្រជុំជននៃខេត្ត Lao Cai ក៏ដូចជាតភ្ជាប់មកកាន់តំបន់ភូមិភាគខាងជើងឆៀងខាងលិចរបស់វៀតណាម ស្របតាមរបៀងសេដ្ឋកិច្ច Kunming – Lao Cai – Ha Noi – Hai Phong (Seaport) របស់ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS) ផងដែរ - ថ្ងៃទី១៣ ខែមីនា បានធ្វើដំណើរអង្កេតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពានតភ្ជាប់ពីស្ថានីយតភ្ជាប់ព្រំដែន Lao Cai កាត់តាមផ្លូវល្បឿនលឿន Lao Cai – Noi Bai Expressway ដែលជាផ្នែកមួយនៃរបៀងសេដ្ឋកិច្ច Kunming – Lao Cai – Ha Noi – Hai Phong (Seaport) ឆ្ពោះមកកាន់ផែសមុទ្ររបស់វៀតណាម បម្រើដល់ការដឹកជញ្ជូនក្នុងក្របខ័ណ្ឌ GMS។
សូមបញ្ជាក់ជូនផងដែរថា លទ្ធផលនៃដំណើរទស្សនកិច្ចសិក្សាដ៏គ្រប់ជ្រុងជ្រោយនេះ នឹងជួយពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញ ក្នុងការរៀបំផែនការហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងតំបន់ប្រកបដោយបរិយាបន្ន ទស្សនទាននិងឧត្តមមានុវត្តន៍កម្រិតតំបន់សម្រាប់សាងសង់ពង្រីកស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធព្រំដែនរបស់កម្ពុជាប្រកបដោយភាពធន់ និងចីរភាព មានភាពទំនើប ងាយស្រួលក្នុងការដឹកជញ្ជូនឆ្លងកាត់ក្នុងតំបន់ប្រកបដោយភាពរលូនស្របតាមលិខិតបទដ្ឋានគតិយុត្តជាអន្តរជាតិក្នុងតំបន់ដែលមានស្រាប់ សំដៅធ្វើឱ្យប្រសើរឡើងនូវភស្តុភារកម្មនៅកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ស្របតាមចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងក្លាយជាប្រទេសមានចំណូលខ្ពស់៕










