ភ្នំពេញ ៖ ឯកឧត្តមប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើបច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» ថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦
កម្ពុជាបានតវ៉ាជាផ្លូវការនិងជាថ្មីម្តងទៀតកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៦ ប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅទីតាំងមួយចំនួនតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ ជាក់ស្តែង ចន្លោះថ្ងៃទី២៣ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បុគ្គលិកយោធា និងជនស៊ីវិលថៃ បានសាងសង់និងជីកកកាយខុសច្បាប់នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំងបានសាងសង់ប៉ុស្តិ៍យាមនិងផ្លូវឆ្ពោះទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ។ សកម្មភាពទាំងនេះបានប្រព្រឹត្តផ្ទុយពីសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ និងឆ្នាំ ២០១៣ ដែលបានបញ្ជាក់ថា ប្រាសាទព្រះវិហារ និងពយភ្នំប្រាសាទព្រះវិហារទាំងមូល ស្ថិតនៅក្នុងដែនដីអធិបតេយ្យរបស់កម្ពុជា។
កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃថៃ ក៏បានបន្តសាងសង់ព្រះពុទ្ធរូបធំមួយព្រះអង្គ នៅតំបន់បុស្សស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បើទោះជាមានសំណើម្តងហើយម្តងទៀតពីភាគីកម្ពុជាឱ្យបញ្ឈប់ការងារសាងសង់ដែលបានចាប់ផ្តើមនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ក៏ដោយ។ លើសពីនេះ កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រាសាទតាក្របី រួមទាំងផ្លូវបេតុង ជណ្តើរដែក និងរូបព្រះពុទ្ធបដិមា ក្នុងបំណងបង្កើតជាតំបន់ទេសចរណ៍និងទីតាំងយោធា។ សកម្មភាពខុសច្បាប់ស្រដៀងគ្នានេះ ក៏បានកើតឡើងនៅតំបន់ជប់អង្គញ់និងដើមត្រាង (ខេត្តឧត្តរមានជ័យ) ដែលនៅទីនោះ កងកម្លាំងថៃបានតម្លើងទង់ជាតិ និងសាងសង់ផ្លូវបេតុង។
សកម្មភាពដែលរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាទាំងនេះ គឺផ្ទុយនឹងមាត្រា៥ នៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខ័ណ្ឌសីមាព្រំដែនគោកដែលហាមឃាត់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឱ្យមានការប្រែប្រួលរូបរាង ឬបរិស្ថាននៃតំបន់ព្រំដែននិងអាចរារាំងដល់ការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)។ សកម្មភាពទាំងនេះក៏ផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ផងដែរ។
រាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ខាងលើ និងគោរពឱ្យបានពេញលេញនូវសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធផ្សេងទៀត។ កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍៖ ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំង ឬដោយស្ថានការណ៍ដែលបង្កើតឡើងជាឯកតោភាគីនោះឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាប្រឆាំងជំទាស់ជាផ្លូវការនូវរាល់សកម្មភាពទាំងឡាយ ដែលកងកម្លាំងថៃបំពានមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដោយមិនរំលងសូម្បីតែមួយករណីណាឡើយ។ ការតវ៉ានេះ គឺជាភស្តុតាងដែលមានតម្លៃគតិយុត្តិដើម្បីបញ្ជាក់ប្រាប់ភាគីថៃ ថាកម្ពុជាមិនយល់ព្រមជាដាច់ខាតចំពោះសកម្មភាពរំលោភបំពានដោយខុសច្បាប់អន្តរជាតិមកលើបូរណភាពទឹកដីកម្ពុជា។ ការតវ៉ានេះក៏ជាកំណត់ត្រាដ៏សំខាន់សម្រាប់សហគមន៍តំបន់និងអន្តរជាតិដើម្បីដឹងលឺពីការទន្ទ្រានកាន់កាប់ដោយខុសច្បាប់មកលើបូរណភាពទឹកដីកម្ពុជា ដែលមានប្រយោជន៍សម្រាប់ដំណើរឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើយ៉ាងសកម្ម។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់និងដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង៕រក្សាសិទ្ធដោយ៖សុទ្ធលី


