Monday, March 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលតម្កល់ការផ្តន្ទាទោសលើសមាជិកសហគមន៍ឡពាង

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៦ខែមីនាឆ្នាំ២០២៦នេះ តុលាការកំពូល បានប្រកាសសាលដីកា ដោយសម្រេចតម្កល់សេចក្តីសម្រេចផ្តន្ទាទោសសមាជិកសហគមន៍ឡពាង ចំនួន ៤ នាក់ ពីបទ“ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” និងបទ “ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស” ។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់អង្គការ LICADHO / លីកាដូនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

សហគមន៍ឡពាង បានរងគ្រោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពីជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេឌីស៊ី អ៊ិនធើណាស់សិនណាល់ ចាប់តាំងពីឆ្នាំ ២០០១ មក ។ បទចោទទាំងនោះត្រូវបានធ្វើឡើង ក្រោយពេលមានអំពើហិង្សាមួយបានកើតឡើង អំឡុងពេលដែលសហគមន៍កំពុងធ្វើសន្និសីទកាសែតមួយ កាលពីខែកក្កដា ឆ្នាំ២០១៤ ដែលខណៈពេលនោះមានសាក្សីរាយការណ៍ថា មានកម្មករក្រុមហ៊ុនបានគប់ដុំថ្មមកលើសមាជិកសហគមន៍ ។

នៅខែមីនា ឆ្នាំ២០២១ សមាជិកសហគមន៍ឡពាង ដែលរួមមាន លោក ស្ងួន ញឿន លោក គុជ ហុក លោក ស្រ៊ុន ផា លោក សៀង ហេង និងលោក ម៉ាង យ៉ាវ ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រកាសសាលក្រម ផ្តន្ទាទោសយោងតាមបញ្ញត្តិមាត្រា ២១៨ មាត្រា ៤១១ និងមាត្រា ១០៧ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ឱ្យជាប់ពន្ធនាគារចំនួន ៣ ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួរ និងបង្គាប់ឱ្យម្នាក់ៗសងជំងឺចិត្តដល់ដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ២ លានរៀល (ប្រមាណជា ៥០០ ដុល្លារអាមេរិក)។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ភ្នំពេញ បានតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។ លោក គុជ ហុក បានទទួលមរណភាព មុនពេលតុលាការកំពូលបើកសវនាការ និងត្រូវបានតុលាការដកចេញពីសំណុំរឿងនេះ ដោយមូលហេតុនៃការរំលត់បណ្តឹងអាជ្ញា ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×