ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស ដោយមានវត្តមានគណៈប្រតិភូក្រុមហ៊ុនអូទ្រីសធំៗចំនួន ១៩ ដឹកនាំដោយលោក លោក Andreas Sumper អនុប្រធានបេសកកម្ម នៃស្ថានទូតអូទ្រីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីពង្រឹង និងពង្រីកវិសាលភាពវិនិយោគទ្វេភាគី។ កម្មវិធីនេះក៏មានការចូលរួមផងដែរពី តំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ក្រសួងអប់រំយុវជននិងកីឡា, សមាគមឧកញ៉ាកម្ពុជា, និងសភាពាណិជ្ជកម្មកម្ពុជា នាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦។
វេទិកាធុរកិច្ចនាព្រឹកនេះ ជាផ្នែកមួយដ៏សំខាន់នៃបេសកកម្មពាណិជ្ជកម្មធំបំផុតមិនធ្លាប់មានពីមុនមក របស់គណៈប្រតិភូក្រុមហ៊ុនអូទ្រីសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វេទិកានេះត្រូវបានរៀបចំឡើងឱ្យមានលក្ខណៈ យុទ្ធសាស្ត្រមួយដែលអនុញ្ញាតឱ្យវិនិយោគិនអូទ្រីស មានឱកាសទទួលបាននូវការឈ្វេងយល់ស៊ីជម្រៅអំពីបរិយាកាសវិនិយោគ បរិបទទីផ្សារនៅកម្ពុជា និងការផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធដោយយកចិត្តទុកដាក់ ហើយរំពឹងថាវានឹងក្លាយជាមូលដ្ឋានគ្រឹះនៃការបង្កើតទំនាក់ទំនងធុរកិច្ចថ្មីៗនៅកម្ពុជា។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីបច្ច័យវិជ្ជមានរបស់កម្ពុជា ដែលជាគោលដៅវិនិយោគមួយ ក្នុងចំណោមគោលដៅដែលមានថាមវន្ត និងចក្ខុវិស័យវែងឆ្ងាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តមបានបន្ថែមថា ជាមួយនឹងច្បាប់វិនិយោគដែលមានអំណោយផលខ្ពស់, ការយកចិត្តទុកដាក់ចំពោះវិស័យឯកជនពីរាជរដ្ឋាភិបាល, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាដែលបានកំពុងអភិវឌ្ឍយ៉ាងសកម្ម, ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល ចំពោះការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលសិទ្ធសឹងជាកត្តាសំខាន់ក្នុងការបង្កើតនូវបរិយាកាសដ៏ទាក់ទាញសម្រាប់ការស្វែងរកឱកាសវិនិយោគដោយផ្ទាល់ពីវិនិយោគិនបរទេស។
តំណាងគណៈប្រតិភូក្រុមហ៊ុនអូទ្រីស បានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក.អ.ក. និងក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់កិច្ចសហការដ៏ល្អប្រសើរ និងការគាំទ្រយ៉ាងកក់ក្តៅក្នុងការបេសកកម្មនេះ។
វេទិកាធុរកិច្ចនេះ ត្រូវបានរំពឹងថានឹងក្លាយជាបោះជំហានដ៏សំខាន់មួយ ក្នុងការផ្លាស់ប្តូរពីការពិភាក្សា ទៅជាការបង្កើតនូវទំនាក់ទំនងធុរកិច្ចទ្វេភាគី (B2B) យ៉ាងពិតប្រាកដ។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូទ្រីស ភាគីទាំងពីរមានទំនុកចិត្តថា នឹងមានវត្តមានរបស់ក្រុមហ៊ុនអូទ្រីសនៅកម្ពុជាបន្ថែមមួយកម្រិតទៀត ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើទំនើបកម្មឧស្សាហកម្ម និងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិយាបន្ន និងចីរភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី










