ខេត្តព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវ អូរ ប្រឡាយមួយចំនួន នាភូសាស្ត្រក្នុងក្រុងព្រះសីហនុ។
ព្រមជាមួយគ្នានេះ លោកអភិបាល ក៏បានជំរុញឱ្យសាលាក្រុងព្រះសីហនុ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងមន្ទីរពាក់ព័ន្ធនានា ក្រោមឱវាទខេត្ត ត្រូវសហការគ្នា ចុះពិនិត្យស្ថានភាព ថាតើ ផ្លូវ អូរ ឬប្រឡាយណាមួយ ត្រូវធ្វើការជួសជុលត្រូវស្តារឡើងវិញ ឱ្យបានធំទូលាយ ដើម្បីរំដោះជំនន់ទឹកភ្លៀងកុំឱ្យជន់លិចផ្ទះ របស់ ប្រជាពលរដ្ឋនៅតំបន់មួយចំនួន ក៏ដូចជាផ្លូវថ្នល់ក្នុងក្រុង។
នាឱកាសនោះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា បញ្ហាផ្លូវមួយចំនួន ដែលកំពុងរងការខូចខាត រដ្ឋបាលខេត្តនឹងប្រើគ្រប់លទ្ធភាព ដើម្បីជួសជុលឡើងវិញ ទាំងផ្លូវក្រាលជាកៅស៊ូ ផ្លូវបេតុង និងផ្លូវដី នៅក្រោយភ្លៀងរាំងនារដូវវស្សាឆ្នាំនេះបានបញ្ចប់៕ ដោយ៖ ដែន សីមា