រាជធានីភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០២៦សេចក្តីណែនាំ ស្តីពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផល់តេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានកិត្តិយសសូមជម្រាបជូនដល់សហគ្រាសប្រកបអាជីវកម្មនាំចូល និងចែកចាយបន្ត នូវផលិតផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) និងសាធារណៈជនជ្រាបថា ដើម្បីឆ្លើយតបទៅនឹង និន្នាការនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុក់អាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០% មកអត្រា៤% (រំដ្ឋទទួលបន្ទុកជំនួសចំនួន៦%) គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមធ្វើការណែនាំដូចខាងក្រោម៖
១- សហគ្រាសនាំចូល និងចែកចាយបន្ត ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤% លើការផ្គត់ផ្គង់ក្នុងស្រុកនូវប្រេង សាំងធម្មតា និងប្រេងម៉ាស៊ូត ដោយត្រូវអនុវត្តដូចតទៅ៖ ក- ត្រូវចេញវិក្កយបត្រអាករចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដោយលើវិក្កយបត្រអាករត្រូវប្ដូរ អាករលើតម្លៃបន្ថែមអត្រា១០%” ទៅជា “អាករលើតម្លៃបន្ថែមអត្រា៤%”។
ខ- ត្រូវចេញវិក្កយបត្រធម្មតាចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជនដែលជាអ្នកប្រើប្រាស់ចុងក្រោយ (មិនស្ថិត នៅក្រោមរបបស្វ័យប្រកាស) ដោយថ្លៃលក់រួមទាំងអាករ ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤%។
គ- អាករលើតម្លៃបន្ថែមអត្រា១០% និង/ឬអត្រា៤% ដែលសហគ្រាសបានបង់លើការនាំចូល ឬទិញក្នុងស្រុក នូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលទៅតាមទឹកប្រាក់ អាករបង់ជាក់ស្តែង ដោយត្រូវមានប្រតិវេទន៍គយនិងបង្កាន់ដៃបង់ពន្ធអាករ និង/ឬមានវិក្កយបត្រអាករ និងឯកសារទូទាត់ប្រាក់ត្រឹមត្រូវសម្រាប់ការទិញក្នុងស្រុក។ ដោយឡែក ឥណទានអាករលើធាតុចូល ដែលបានបង់លើការនាំចូលឬទិញក្នុងស្រុក (ក្រៅពីប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) ត្រូវអនុវត្ត ស្របតាមបទប្បញ្ញត្តិស្តីពីអាករលើតម្លៃបន្ថែម។
២-អគ្គនាយកដ្ឋានពន្ធដារ ត្រូវធ្វើបច្ចុប្បន្នភាពនៅក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មប្រចាំខែតាម អនឡាញ (e-Filing) ដោយមុខងារ “បញ្ជីទិនានុប្បវត្តិទិញ-លក់” ត្រូវបន្ថែមប្រភេទផ្គត់ផ្គង់ទំនិញ ឬសវា “អតប អត្រា៤%” ដើម្បីគាំទ្រដល់ការប្រកាសពន្ធស្របតាមវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមនេះ។ សេចក្ដីណែនាំនេះមានសុពលភាពអនុវត្តគិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ រហូតដល់មានការសម្រេចជាថ្មីរបស់រាជរដ្ឋាភិបាល។
៣-អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហគ្រាសនាំចូល និងចែងចាយបន្តនូវផលិតផល តេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) ដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវអនុវត្តតាមខ្លឹមសារន សេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



