ខេត្តមណ្ឌលគិរី÷ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោមការដឹកនាំពី លោក ឧត្តមសេនីយ៍ទោ ឡោ សុខា បានចុះប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់ ១កន្លែង កាលពីវេលាម៉ោង ១០:១២នាទី ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
សេចក្តីរាយការណ៍ ដែលទទួលបាននាសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា : ប្រតិបត្តិការនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអន្តរាគមន៍ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១២នាក់ (ប្រុស) និងដកហូតវត្ថុតាងមួយចំនួន រួមមាន : – មធ្យោបាយធ្វើដំណើរ ម៉ូតូចំនួន ៨គ្រឿង និង- ម៉ូតូកង់បី ចំនួន ១គ្រឿង រួមទាំងសម្ភារៈល្បែង អង្រុតចំនួន ៤, កន្ត្រក ១ និងមាន់ជល់ (ងាប់) ចំនួន ១២ក្បាល។
ប្រភពបន្តថា : ចំពោះអ្នកលេងចំនួន ១១នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ! រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ រួមជាមួយការប្រគល់វត្ថុតាងមួយចំនួន ជូនម្ចាស់វិញផងដែរ ។
ដោយឡែក ចំពោះម្ចាស់ទីតាំង ឈ្មោះ ង្វៀង វ៉ាន់ដឹក ជនជាតិ(វៀតណាម) ភេទប្រុស អាយុ ៦៣ឆ្នាំ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





