ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Shi P. Kumaran, Secretary ទទួលបន្ទុកតំបន់ ខាងកើត នៃក្រសួងការបរទេសឥណ្ឌា ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង។
នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម Shri P. Kumaran ក្នុងឱកាសអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា និងបានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង នឹងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ផ្អែកលើទំនាក់ទំនងប្រវត្តិសាស្ត្រ ពាណិជ្ជកម្ម និងវប្បធម៌ដ៏សម្បូរបែបរវាង កម្ពុជា និងឥណ្ឌា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណនិងលើកឡើងពីការរួមចំណែកដ៏មាន តម្លៃរបស់ឥណ្ឌា ក្នុងការជួយអភិរក្សបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា អស់រយៈពេល ច្រើនឆ្នាំកន្លងមក។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះទ្វេភាគីលើកទី៣ ថ្នាក់រដ្ឋមន្ត្រីការបរទេស នឹងអាចប្រព្រឹត្តទៅក្នុងពេលដ៏ឆាប់ខាងមុខ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រម់ទាំងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងការបន្តពង្រឹងទំនាក់ទំនង បន្ថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ថា ឆ្នាំ២០២៧ ខាងមុខ គឺជាខួបលើកទី៧៥ ន ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំសកម្មភាព និង កម្មវិធីនានារួមគ្នា ដើម្បីប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រនេះ។
ជាមួយនឹងការកត់សម្គាល់ពីសន្ទុះវិជ្ជមានក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជននិង ប្រជាជន ភាគីទាំងពីរក៏បានពិភាក្សាអំពីមធ្យោបាយនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមក្នុងវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការតភ្ជាប់ ការពារជាតិ និងសន្តិសុខ ព្រមទាំងការអភិវឌ្ឍធនធាន មនុស្ស។
ភាគីឥណ្ឌា ក៏បានជម្រាបពីការបើកការិយាល័យអនុព័ន្ធយោធារបស់ខ្លួនប្រចាំស្ថានទូតនាពេលឆាប់ៗ នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
ឯកឧត្តម Shri P. Kumaran បានសំដែងក្តីរីករាយចំពោះការរីកចម្រើនភាពជាដៃគូ និងបានអះអាង ជាថ្មីពីការប្ដេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយកម្ពុជា រួមទាំងតាមរយៈការបង្កើនការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងការពង្រីកកិច្ចសហប្រតិបត្តិការតាមវិស័យ។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានធ្វើបច្ចុប្បន្នភាពអំពីការវិវត្តថ្មីៗនៃស្ថានភាព ព្រំដែនកម្ពុជា-ថៃ ជូន ឯកឧត្តម Shri P. Kumaran ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


