ព្រះសីហនុ៖ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ពិសេសភ្ញៀវជាតិ បានបង្ហាញការចាប់អារម្មណ៍ និងបានកត់សម្គាល់មិនធ្លាប់មានពីមុនមក នៅគ្រាពួកគេ បានឃើញទិដ្ឋភាព ២ ដាច់ដោយឡែក គឺទិដ្ឋភាពឃើញ នៅពេលថ្ងៃ និងទិដ្ឋភាពនៅពេលរាត្រីកាល នាមូលដ្ឋានខេត្តព្រះសីហនុ។
ភ្ញៀវទេសចរជាតិភាគច្រើន បង្ហាញការហួសចិត្តកាលបើ បានធ្វើដំណើរតាមរថយន្ត ចូលមកដល់ទីប្រជុំជនក្នុងក្រុងព្រះសីហនុ ហើយសង្កេតឃើញញថា នៅតាមផ្លូវសាធារណៈ ឬផ្លូវថ្នល់ក្រាលកៅស៊ូភាគច្រើន នាក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ មានដាក់តាំងពិព័រណ៍សំរាម ឬកាកសំណល់សំរាម ត្រូវបានគេគរទុកចោលគ្មានសណ្តាប់ធ្នាប់ នៅតាមចិញ្ចើមថ្នល់ និងជះក្លឹនស្អុយ នាំឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកធ្វើដំណើរឆ្លងកាត់។
ភ្ញៀវទេសចរទាំងនោះ បានរិះគន់រដ្ឋបាលក្រុងខេត្តព្រះសីហនុ ថាមិនទាន់អាចគ្រប់គ្រងកាកសំណល់សំរាម ឲ្យបានត្រឹមត្រូវទេ ហើយមិនគួរទុកឲ្យសំណល់ទាំងនេះ ត្រូវគរទុកចោលយូរថ្ងៃ តាមចិញ្ចើមផ្លូវសាធារណៈ នាំឲ្យរងការករិះគន់ពីសាធារណៈជន ពិសេសភ្ញៀវទេសចរអន្តរជាតិនោះទេ។
ភ្ញៀវទេសចរខ្លះ បានប្រដូចក្រុងទេសចរណ៍ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្នថាបានក្លាយទៅជាទីវាលចាក់សំរាម ឬទីដាក់តាំងពិព័រណ៍សំរាម សម្រាប់ផ្តល់ជូនភ្ញៀវទេសចរជាតិអន្តរជាតិ ដែលចូលមកដល់មូលដ្ឋាននេះទស្សនា។
ចំណាប់អារម្មណ៍ របស់ភ្ញៀវទេសចរដាច់ដោយឡែកមួយទៀត ដែលពួកគេស្ទើមិនគួរឲ្យជឿភ្នែកនោះ គឺ ទិដ្ឋភាព នៅពេលរាត្រីចូលមកដល់ សង្កេតឃើញថា មានអាគារធំៗ ភាគច្រើននាមូលដ្ឋានខេត្តព្រះសីហនុ ហាក់បីដូចជាមិនមែនស្ថិតក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជានោះទេ ព្រោះមានអាគារប្រណិតៗ មានតាំងភ្លើងចម្រុះពណ៌ និងមានសរសេរអក្សជាភាសាចិនធំៗ នៅពីមុខអាគារទាំងនោះ ដែលសម្គាល់ជាទីតាំងបនល្បែងស៊ីសង ឬកាស៊ីណូ ដូចនៅក្រៅប្រទេស។
ទន្ទឹមគ្នានេះ ភ្ញៀវទេសចរជាតិភាគច្រើន ក៏បង្ហាញការចាប់អារម្មណ៍ និងគាំទ្រ ទៅលើសកម្មភាពដឹកនាំ របស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលបានជម្រុញដឹកនាំមូលដ្ឋាននេះ ឲ្យមានការរីកចម្រើន នៅលើវិស័យសំណង់ និងបានកែនគរអ្នកវិនិយោគទុន មកពីក្រៅប្រទេស មានប្រទេសចិនជាដើម ឲ្យចូលមកបណ្តាក់ទុនរកស៊ី ឬជួយអភិវឌ្ឍមូលដ្ឋានខេត្តព្រះសីហនុ ឲ្យមានសន្ទុះរីកចម្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះគួរឲ្យកត់សម្គាល់។
ជាងនេះទៀត ក៏បានកោតសរសើរ ដល់ថ្នាក់ដឹកនាំមន្ទីរស្ថាប័នពាក់ព័ន្ធ ក្រោមឱវាទ នៃរដ្ឋបាលខេត្តព្រះសីហនុ ដែលបានរួមសហការគ្នា អភិវឌ្ឍសួនច្បារ ស្តារហិដ្ឋារចនាសម្ព័ន្ធផ្លូវ លូបង្ហូរទឹក និងស្តារអូរធម្មជាតិ ដើម្បីរំដោះទឹកជនលិចនាទីប្រជុំជនក្រុងព្រះសីហនុ មានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់មកនេះ៕ ដោយ៖ ដែន សីមា