ភ្នំពេញ ៖ លោកប្រាក់ សំអឿន អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានចេញលិខិតកោះអញ្ជើញ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ឲ្យចូលរួមប្រជុំ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។ ការអញ្ជើញមកប្រជុំនោះ យោងតាមលិខិតរបស់លោកសួន សេរីរដ្ឋា ដែលបានធ្វើស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំប្រកាសនិរាករណ៍ ឯកសារ លិខិតស្នាម ក្លែងក្លាយរបស់ សួង សុភ័ណ្ឌ និងបក្ខពួក ហើយចាត់វិធានការច្បាប់ តឹងរ៉ឺងប្រឆាំងនឹងក្រុមក្លែងបន្លំឯកសារនេះ។
យោងតាមលិខិតអញ្ជើញរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជាក់យ៉ាងដូច្នេះថា សូមអញ្ជើញលោក សួន សេរីរដ្ឋា ដើម្បីចូលរួមប្រជុំ អំពីពាក្យស្នើសុំអន្តរាគមន៍មកក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការដឹកនាំគណបក្សអំណាចខ្មែរ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ កាលបរិច្ឆេទថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៥៖០០រសៀល។
ក្រុមសមាជិកគណៈអចិន្ត្រៃយ៍ សមាជិកក្រុមប្រឹក្សាតំណាងខេត្ត-រាជធានី នៃគណបក្សអំណាចខ្មែរ បានលើកឡើងថា លោក សួន សេរីរដ្ឋា មិនបានលែលែងពីដំណែងប្រធានគណបក្ស ដូចដែលលោកសួង សុភ័ណ្ឌ បានភូតកុហក និងបានធ្វើលិខិតលាលែងក្លែងក្លាយ បន្លំហត្ថលេខាលោកប្រធាន សួន សេរីរដ្ឋា ដើម្បីធ្វើសមាជវិសាមញ្ញលួចប្លន់យកគណបក្សអំណាចខ្មែរ ទៅគ្រប់គ្រង។
ក្រសួងមហាផ្ទៃ បានអញ្ជើញលោក ប៊ែន សាប អតីតអនុប្រធានគណបក្សអំណាចខ្មែរ ឲ្យទៅចូលរួមប្រជុំ នៅថ្ងៃទី២៧កញ្ញា អំពីលិខិតស្នើសុំអន្តរាគមន៍ ពាក់ព័ន្ធនឹងការក្លែងលិខិតលាលែងពីតួនាទី ជាអនុប្រធានគណបក្សអំណាចខ្មែររបស់លោក។
សូមជម្រាបថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមសមាជិកគណៈអចិន្ត្រៃយ៍ សមាជិកក្រុមប្រឹក្សាតំណាងខេត្ត-រាជធានី នៃគណបក្សអំណាចខ្មែរ បានស្នើសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និរាករណ៍ ឯកសារ លិខិតស្នាម ក្លែងក្លាយរបស់ លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរថ្មី និងបក្ខពួក ដែលបានដាក់ទៅក្រសួងមហាផ្ទៃ នាពេលកន្លងទៅ ដោយចោទថា អ្វីដែល លោក សួង សុភណ្ឌ និងបក្ខពួក ដាក់ជូនក្រសួងមហាផ្ទៃ ជាល្បិចដើម្បីគ្រប់គ្រងគណបក្សនេះទាំងមូល។
ក្នុងលិខិតស្នើទៅសម្តេចក្រឡាហោម ស ខេង ក្រុមសមាជិកគណៈអចិន្ត្រៃយ៍ នៃគណបក្សអំណាចខ្មែរ បានអះអាងថា ពួកគេនៅតែទទួលស្គាល់ លោក សួន សេរីរដ្ឋា ជាប្រធានដឹកនាំស្របច្បាប់របស់ គណបក្សអំណាចខ្មែរដដែល។
ក្រុមសមាជិកអចិន្ត្រៃយ៍នៃគណបក្សសំខាន់មួយនេះ បានចាត់ទុកថា លោក សួង សុភ័ណ្ឌ បានភូតកុហករបស់ពួកគេ ដោយធ្វើលិខិតលាលែងក្លែងក្លាយ បន្លំហត្ថលេខាលោកសួន សេរីរដ្ឋា ដើម្បីធ្វើសមាជវិសមញ្ញ លួចប្លន់យកគណបក្សអំណាចខ្មែរទៅគ្រប់គ្រង។
ជាមួយនឹងការស្នើបែបនេះ ក្រុមសមាជិកអចិន្ត្រៃយ៍គណបក្សអំណាចខ្មែរ ក៏បានស្នើសម្តេចក្រឡាហោម ចាត់វិធានការចំពោះ លោក សួង សុភ័ណ្ឌ និងបក្ខពួក ទៅតាមផ្លូវច្បាប់ផងដែរ។
កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ អនុប្រធានគណបក្សអំណាចខ្មែរ លោក ប៉ែន ស៊ាប ក៏បានធ្វើលិខិតមួយជូនសម្តេចក្រឡាហោម ស ខេង ដើម្បីឱ្យត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យចំពោះលិខិតលាលែង ពីបក្សរបស់លោកដែលត្រូវបាន លោក សួង សុភ័ណ្ឌ ដាក់ទៅក្រសួងមហាផ្ទៃ នាពេលកន្លងទៅ។
សម្រាប់លោក ប៉ែន ស៊ាប, លិខិតលាលែងរបស់លោកដែលលោក សួង សុភ័ណ្ឌ បានដាក់ទៅក្រសួងមហាផ្ទៃ កន្លងទៅគឺជាលិខិតក្លែងក្លាយ ដែលត្រូវបានគេបន្លំ ហត្ថលេខារបស់លោក ហើយលោកក៏មិនដែលបានលាលែងពី តួនាទីជាអនុប្រធានគណបក្សឡើយ៕ ដោយ ៖ បញ្ញាស័ក្តិ
ថ្ងៃនេះ សមាជិកស្ថាបនិក សមាជិកក្រុមប្រឹក្សានយោបាយ (គណៈអចិន្ត្រៃយ៍) សមាជិកក្រុមប្រឹក្សាខេត្ត រាជធានី (គណៈនាយក) បានសម្រេចបញ្ជូនលិខិតរួមមួយ ជូនក្រសួងមហាផ្ទៃ ។