Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​៖ វេទិកា​បូ​អាវ​សម្រាប់​អាស៊ី គឺជា​ឱកាស​សម្រាប់​កម្ពុជា ក្នុង​ការទាក់ទាញ​វិនិយោគិន និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ក្នុង​តំបន់​

spot_img

​ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានបង្ហាញ​ជំនឿ​ថា វេទិកា​បូ​អាវ​សម្រាប់​អាស៊ី នឹង​ផ្តល់​កាលានុវត្តភាព​ធំធេង​សម្រាប់​កម្ពុជា ក្នុង​ការទាក់ទាញ​វិនិយោគិន​កាន់តែ​ច្រើន​ពី​ប្រទេស​ចិន និង​ជា​ស្ពាន​សម្រាប់​ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​នៅក្នុង​តំបន់ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​ពិភពលោក​កំពុង​ជួបប្រទះ​។​

​លោក រដ្ឋមន្ត្រី បានបង្ហាញ​ជំនឿ​ដូច្នោះ នា​ឱកាស​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​បើក​វេទិកា​បូ​អាវ​សម្រាប់​សន្និសីទ​អាស៊ី​-​ភ្នំពេញ ក្រោម​ប្រធានបទ «​រួមគ្នា​ដើម្បី​ការអភិវឌ្ឍ និង​ឈ្នះ​-​ឈ្នះ ៖ ប្រឹងប្រែង​ទាំងអស់គ្នា​ដើម្បី​នាំមក​នូវ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ចិន​-​កម្ពុជា ក្នុង​សម័យកាល​ថ្មី​» ដែល​រៀបចំឡើង​សណ្ឋាគារ​សូហ្វីតែ​ល ភ្នំពេញ​ភូ​គី​ត្រា កាលពី​រាត្រី​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​នៅក្នុង​ឱកាស​នោះ លោក រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ពី​គោលបំណង​រួម​នៃ​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី និង​គំនិត​ផ្តួចផ្តើម​ថ្មី​របស់ ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន ដែល​បាន​ស្នើ​ឱ្យ​ពង្រីក​ការបើកចំហ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស​នៅក្នុង​តំបន់​អាស៊ី ដែល​នឹង​ក្លាយ​ជា​ឱកាស​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​សមាជិក​ដទៃ​ទៀត​។​

​លោក រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា នៅក្នុង​ចំណោម​ប្រទេស​ទាំង​២៩ ដែល​បាន​ព្រមព្រៀង​បង្កើត​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី កម្ពុជា​គឺជា​ប្រទេស​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​គម្រោង «​ផ្លូវ​១ ខ្សែក្រវ៉ាត់​១» និង​មាន​កំណើន​សេដ្ឋកិច្ច​រឹង​មាំ នៅក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​ជាង​គេ​នៅ​អាស៊ី​។

​ទន្ទឹម​គ្នា​នោះ​ដែរ លោក រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ដល់​តំណាង​វិស័យ​ឯកជន​កម្ពុជា និង​សហគ្រាស​-​ក្រុមហ៊ុន​ប្រទេស​ចិន ក៏​ដូចជា​បណ្តា​ប្រទេស​សមាជិក​នៃ​វេទិកា​បូ​អាវ ប្រើប្រាស់​ឱកាស​ជួបជុំ​គ្នា​ថ្ងៃនេះ ដើម្បី​បន្ត​វប្បធម៌​សន្ទនា និង​ចែករំលែក ព្រមទាំង​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ដើម្បី​ផលប្រយោជន៍​រួម​នៅ​ក្នុង​តំបន់ ក៏​ដូចជា​ក្នុង​សកលលោក​។​

​សូមជម្រាបថា វេទិកា​បូ​អាវ​សម្រាប់​អាស៊ី (BFA) គឺជា​អង្គការក្រៅរដ្ឋាភិបាល​អន្ដរជាតិ មិន​ស្វែងរក​ប្រាក់ចំណេញ ដែល​មាន​កាល បរិច្ឆេទ​រៀបចំ​សន្និសីទ​ច្បាស់លាស់ និង​មាន​ទីស្នាក់ការ​អចិន្ត្រៃយ៍​នៅ​ទីក្រុង​បូ​អាវ ខេត្ត​ហៃ​ណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ វេទិកា​នេះ ត្រូវ​បាន​ផ្តួចផ្តើម​បង្កើតឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៨ ដោយ លោក Fidel V. Ramos អតីត​ប្រធានាធិបតី​ហ្វីលីពីន​, លោក Bob Hawke អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​លោក Morihiro Hosokawa អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន និង​មាន​ការគាំទ្រ​ពី លោក ហ៊ូ ជីន​តាវ អតីត​ប្រធានាធិបតី​ចិន​។ វេទិកា​នេះ ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០០១ ហើយ​បាន​ផ្តល់​ឱកាស​ដល់​ប្រមុខ​រដ្ឋាភិបាល ថ្នាក់​ដឹកនាំ​វិស័យ​ឧស្សាហកម្ម និង​ធុរកិច្ច និង​បញ្ញាវន្ត​ក្នុង​ទ្វីប​អាស៊ី និង​ទ្វីប​ដទៃទៀត ធ្វើការ​សន្ទនា​គ្នា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ សំដៅ​សម្រេច​បាន​នូវ​ការអភិវឌ្ឍ​រួម តាមរយៈ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច ទៅ​ក្នុង​តំបន់ និង​ពិភពលោក​៕ ​ដោយ ​៖ កូឡាប​

spot_img
×