Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ទីតាំង​ផលិត​ស្រោម​ញាត់​សាច់ក្រក​ពី​ពោះវៀន​សត្វ​គ្រប់​ប្រភេទ​ប្រើ​សារធាតុ​គីមី​នៅ​ស្រុក​ឧដុង្គ​

​ខេត្ត​កំពង់ស្ពឺ​ ៖​ តើ​អ្នក​ចូលចិត្ត​ហូប​សាច់ក្រក​ដែរឬទេ ? សិប្បកម្ម​ផលិត​សំបក​សាច់ក្រក​គ្មាន​ស្តង់ដា​មួយកន្លែង​នៅ​ភូមិ​ថ្មី​ពីងពង់ ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​បង្ក្រាប ដោយ​ក្រុមការងារ គណៈកម្មាធិការ​ប្រយុទ្ទ​ប្រឆាំង​ផលិតផ​ល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះ​ថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង សុវត្ថិភាព​សង្គម សហការណ៍​ជាមួយស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ នា​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​កងកម្លាំង​ប្រតិបត្តិការ​ពិសេស បានឱ្យដឹងថា វត្ថុធាតុដើម​នាំមក​ពី​ស្រុក​ចិន និង​រាជធានី​ភ្នំពេញ រួមមាន : ពោះវៀន​សត្វ ជ្រូក ជៀម អាស៊ីត​លឿង ម្ស៉ៅ​ស​បូរ៉ាក់ ។ ក្រោយ​ការផលិត​បាន​ពួកគេ​វិច​ខ្ចប់​ចែកចាយ​ទៅ​តាម​បណ្ដា​រាជធានី​ខេត្ត ដោយ​ក្លែង​ថា​ផលិត​នៅ​ប្រទេស​ចិន ។​

​ម្ចាស់​សិប្បកម្ម​ឈ្មោះ វី​ង ហ៊ុយ រស់​នៅ​រាជធានី​ភ្នំពេញ ក្រុមការងារ​កំពុង​ស្វែងរក​អោយ​មក​ទទួលខុសត្រូវ ។​
​ទីតាំង ផលិត​ស្រោម​ញាត់​សាច់ក្រក ដែល​ធ្វើ​អំពី​ពោះវៀន​សត្វ​គ្រប់​ប្រភេទ ប្រើ​សារធាតុ​គីមី​ចំនួន​រាប់សិប​តោន​គ្មាន​គុណភាព និង​ស្តង់ដារ​ប្រឈម​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់​ដ៏​ធ្ងន់ធ្ងរ​។​

​ប្រតិបត្តិការ​ខាងលើនេះ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ទូច យុទ្ធា និង​លោក​ឧត្តមសេនីយ៍ត្រី​ទូច គង្គា ប្រធាន​-​អនុប្រធាន​ក្រុម​ប្រតិបត្តិការ​ពិសេស លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​សាលាដំបូង​ខេត្តកំពង់ស្ពឺ លោក​សឿ ឡងឌី និង​មាន​ការចូលរួម​សហកា​រ ពី​កម្លាំង​ជំនាញ​កាំកុងត្រូល តំណាង​ខាង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ខាង​កម្លាំង​នគរបាល​ខេត្ត​កំពង់ស្ពឺ ។​

​ទីតាំង​ខាងលើនេះ បាន​រក្សាទុក​នូវ​ពោះវៀន​សត្វ​គ្រប់​ប្រភេទ​សម្រាប់​យក​មក​ផលិត​ធ្វើ​ជា​ស្រោម​ញាត់​សាច់ក្រក ដើម្បី​ចែកចាយ​លក់​នៅ​តាម​ទីផ្សារ ក្នុងនោះ មាន​ពោះវៀន​សត្វ​គ្រប់​ប្រភេទ​រាប់សិប​តោន ដែល​ប្រើ​សារ​ជាតិគីមី អាច​ប្រឈម​ទៅនឹង​បញ្ហា​ប៉ះពាល់​សុខភាព​របស់​ប្រជាពលរដ្ឋ ជា​អ្នក​បរិភោគ​យ៉ាងធ្ងន់ធ្ងរ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×